ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​​រើសអេត​ចាយម្នាក់ត្រូវម៉ូតូមួយគ្រឿងបុករ៉ឺម៉ករងរបួសធ្ងន់ម្នាក់ និង២នាក់រងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ គួរឲ្យអាសូរ ក្រហើយឈឺទៀត បុរសម្នាក់រងរបួសធ្ងន់ និងកូន២នាក់រងរបួសស្រាល ខណៈដែលពួកគាត់ជិះម៉ូតូសណ្ដោងរ៉ឺម៉កដើររើសអេតចាយជាមួយនឹងកូនៗ តែជាអកុសលត្រូវម៉ូតូមួយគ្រឿងទៀត បុកបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និង២នាក់ទៀតរងរបួសស្រាល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាឪពុកមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយបើកម៉ូតូសណ្ដោងរ៉ឺម៉កហើយមានកូន២នាក់ទៀត ជាអ្នកដើររើសអេតចាយ ខណៈនោះ មេឃកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ។ រួចជនរងគ្រោះ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ហើយឆ្លងផ្លូវពីត្បូងទៅជើង ស្របពេលឆ្លងបានបន្តិច ត្រូវម៉ូតូមួយគ្រឿងម៉ាកស៊ូយសូគីលែក ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ បើកដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនទៅបុកជនរងគ្រោះពេញទំហឹងបណ្តោយឲ្យជនរងគ្រោះជាឪពុករងរបួសធ្ងន់ តែកូន២នាក់មិនរងរបួសធ្ងន់នោះទេ ។

តាមប្រភពដដែលបានបន្តទៀតថា កូនប្រុសទាំង២នាក់ ភ័យស្លន់ស្លោពេកបាននាំគ្នាទៅហៅម្តាយបាត់ធ្វើអោយភាគីបង្កបានលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយលើកដាក់ក្នុងតូបជិតកន្លែងកើតហេតុរង់ចាំរថយន្តសង្គ្រោះរបស់ពេទ្យបង្អែកពោធិ៍ចិនតុងដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ។ ចំណែកឯម៉ូតូសណ្ដោងរ៉ឺម៉កត្រូវបាននគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យយកទៅរក្សាទុករង់ចាំជនរងគ្រោះមកទទួលត្រឡប់ទៅវិញ ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖