ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២៥នាទី បុរស២នាក់បានបង់ជីវិតជាបន្តបន្ទាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរស២នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់យ៉ាងអាណោចអាធ័ម ត្រឹមតែរយៈពេល២៥នាទីប៉ុណ្ណោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូពីរលើកផ្សេងគ្នា នៅខត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧-៣៨ ស្ថិតក្នុងភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក ដោយរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២J ៨៤១៦ បើកបរដោយឈ្មោះ ជា សត្យា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(រត់គេចខ្លួន) បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងដៃ ខណៈនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១C ២៨៤១ បើកបរដោយឈ្មោះ ពេជ ចំរើន ភេទប្រុស ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើខាងលើ ធ្វើដំណើរបញ្រ្ចាសទិសគ្នា(ត្បូងទៅជើង) បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតែជាអកុសលបានដាច់ខ្យល់ស្លាប់តាមផ្លូវយ៉ាងអាណោចអាធ័មតែម្ដង ។

ដោយឡែកនៅឯស្រុកក្រគរឯណោះវិញ ត្រូវបានប្រភពព័ត៌មានពីនគរបាលស្រុកបានឲ្យដឹងដែរថា នៅវេលាម៉ោង១៨និង១៥នាទី ថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៧-១៥៨ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀតដែរ ដោយរថយន្តម៉ាក គា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B ១៦២៣ បើកបរដោយឈ្មោះ ម៉ា ពិសាល ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូធុនធំមួយគ្រឿងម៉ាក UM ពណ៌ខ្មៅគ្មានស្លាកលេខ ពេញទំហឹង រួចកិនបណ្ដាលឲ្យបែកធ្លាយខួរស្លាប់មួយរំពិចយ៉ាងអាណោចអាធ័ម ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា (កើតទៅលិច) ជនរងគ្រោះ(ស្លាប់)ភាគីខាងម្ចាស់ម៉ូតូត្រូវបានស្គាល់ឈ្មោះ ឈន ពៅ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយអ្នកបើកបររថយន្តត្រូវសមត្តកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរផងដែរ ។

ប្រភពដដែលខាងលើបន្តទៀតថា វត្ថុតាងម៉ូតូ និងរថយន្តទាំង៤គ្រឿង ត្រូវបាននគរបាលយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុករៀងៗខ្លួន ដើម្បីរង់ចាំវាសវែង និងបំពេញនីតិវិធីដើម្បីបញ្ជូនទៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលចាត់ការបន្ត ៕ ប៉ឹម ពិន

543 1 2 3 4 5 44 54 55


ចែករំលែក៖