ខេត្តកណ្តាល ៖ នៅយប់ ថ្ងៃ ទី២០ កញ្ញា នេះ រដ្ឋបាល ខេត្ត កណ្ដាល បាន ផ្សព្វផ្សាយ ថា ផ្លូវបេតុងដែល ចាក់ ដី បំពេញ ជេីង ទេរ នៅ ស្រុកពញាឮ ត្រូវបានក្រុមការងារសម្អាត និងកៀរដីចេញពីតួផ្លូវរួចរាល់នៅម៉ោង៨និង៣៩នាទី។
រដ្ឋបាល ខេត្ត កណ្ដាល បានដក ស្រង់ សម្ដីអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទដូច្នេះ៖«ក្រោមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំផ្ទាល់ដោយលោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋបានដោះស្រាយបញ្ហានេះ បានដោយរលូននិង ចប់ ជា ស្ថាពរ»។
សូមបញ្ជាក់ថា ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងលោកអភិបាលស្រុកពញាឮ ព្រមទាំងមេឃុំឈ្វាំង បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវលក្ខណៈបច្ចេកទេស និងដោះស្រាយផលប៉ះពាល់ដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋលើខ្សែផ្លូវបេតុង ១ខ្សែប្រវែង ១ ០០០ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ តភ្ជាប់ពីភូមិភូមិពង្រ ទៅកាន់ភូមិស្រែអំពិល មានទីតាំងស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ស្ថាបនាដោយកងវិស្វកម្មនៃក្រសួងការពាជាតិ។
ខ្សែផ្លូវមួយខ្សែនេះ ស្ថាបនាសម្រេចបានវឌ្ឍនភាព ប្រមាណ៩០% ដោយការងារស្ថាបនាតួថ្នល់សម្រេចបាន ១០០%។
ដោយឡែកការងារស្ថាបនាជើងទេមានការយឺតយ៉ាវ និងមានភ្លៀងធ្លាក់ជោកជាំខ្លាំងជាប់គ្នាផងនោះ ធ្វើឱ្យខ្សែផ្លូវខាងលើនេះរងផលប៉ះពាល់ និងបានធ្វើឱ្យការរំខានចំពោះការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
នាឱកាសនៃការអញ្ជើញចុះពិនិត្យដោយផ្ទាល់លោករដ្ឋមន្រ្ដី បានណែនាំឱ្យក្រុមការងាររបស់កងវិស្វកម្មឱ្យពន្លឿនការឈូសឆាយ កៀរសម្អាតដីលើតួរផ្លូវខាងលើផ្លូវឱ្យបានល្អឡើងវិញក្នុងថ្ងៃនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបររបស់ប្រជាពលរដ្ឋទៅជាធម្មតាឡេីងវិញ។
គិតត្រឹមល្ងាចថ្ងៃទី២០ ខែកញ្ញានេះ ក្រុមការងារក្រសួងអភិវឌ្ឍន៍ ក្រោមការបញ្ជាផ្ទាល់ពីលោករដ្ឋមន្ត្រី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋបានដោះស្រាយបញ្ហានេះបានដោយរលូន និងចប់ជាស្ថាពរ ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច