ខេត្តសៀមរាប÷កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនចំនួន ០៤នាក់ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូសំលៀងដាវនៅលើបណ្តាញសង្គម ដែលអាចបង្កការភ័យខ្លាច និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
នៅវេលាម៉ោង ២០:០០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៦ គណនី Facebook ឈ្មោះ «ប្រូ ដា» និងផេកឈ្មោះ «បង ដា» បង្ហោះវីដេអូសំលៀងដាវ ព្រមទាំងសរសេរខ្លឹមសារថា «ភូមិរុនអ្នកតានី នឹងភូមិជ័យប៉ះគ្នាហើយ» ដែលត្រូវបានចែករំលែកបន្តនៅលើបណ្តាញសង្គម។
ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងរុនតាឯកតេជោសែន ចំនួន ០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ យិន កុម្ភៈ មេបញ្ជាការអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនចំនួន ០៤នាក់ នៅចំណុចខាងត្បូងវត្តរុន ស្ថិតក្នុងភូមិរុន សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីសួរនាំ និងស្រាវជ្រាវបន្ត។ វត្ថុតាងដែលដកហូតបាន៖ ដាវចំនួន ០១ដើម។
បច្ចុប្បន្នភាពក្រោយពីធ្វើការសួរនាំ និងអប់រំណែនាំ កម្លាំងអាវុធហត្ថបានធ្វើកិច្ចសន្យា និងប្រគល់យុវជនទាំង ០៤នាក់ ជូនអាណាព្យាបាលយកទៅលំនៅដ្ឋាន ដើម្បីបន្តអប់រំកែប្រែ និងណែនាំបន្ថែម។
អាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់យុវជន ទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើង និងសកម្មភាពដែលអាចបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ឬបង្កភាពអនាធិបតេយ្យក្នុងសង្គម។ ក្នុងករណីនៅតែបន្តប្រព្រឹត្ត សមត្ថកិច្ចនឹងចាត់វិធានការស្របតាមច្បាប់ជាធរមាន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច