ខេត្តក្រចេះ÷ដោយមានការអនុញ្ញាតិពីលោកឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤: ៣០នាទី កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការ ៧០៩ ដឹកនាំដោយលោកវរសេនីយ៍ទោ នាង គង់ហ៊ាន ប្រធាន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណី រក្សាទុកជួញដូរនិងប្រើប្រាស់នៅសារធាតុញៀនខុសច្បាប់ នៅចំណុចលើផ្លូវលំ ភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមទាំងវត្ថុតាងផងដែរ។ ជនសង្ស័យទាំង ២នាក់ខាងលើ៖
ទី១/ ឈ្មោះ ឌីម ប៊ុនថេង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មុខរបរ ធ្វើចំការ។
ទី២/ ឈ្មោះ ផៃ រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មុខរបរ កសិករ។
ក្នុងនោះសមត្ថកិច្ច បានចាប់យកវត្ថុតាងរួមមាន៖
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់។
២/ ម៉ូតូចំនួន២គ្រឿង។
៣/ ទូរសព្ទ័ចំនួន២គ្រឿង។
៤/ កែវសំរាប់ប្រើប្រាស់គ្រឿងញៀនចំនួន២។
៥/ ដាវចំនួន១។
៦/ ទុយោជ័រមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួន និងរក្សាទុក នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត បញ្ជូនទៅសាលាដំបូងខេត្តក្រចេះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច