ខេត្តស្វាយរៀង៖ បុរសល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីទទួលពាក្យបណ្ដឹងពីឪពុកម្ដាយក្មេងស្រីរងគ្រោះថា បានរំលោភរហូតបានសម្រេចកាលវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចក្នុងភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខណៈពួកគាត់ជាប់រវល់ទៅភ្ជាប់ពាក្យបងប្អូននៅស្រុកចន្ទ្រា ។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសសង្ស័យឈ្មោះចាន់ ថាន់ អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ ភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ រីឯក្មេងស្រីរងគ្រោះ អាយុ១០ឆ្នាំមុខរបរសិស្ស រស់នៅភូមិ ឃុំជាមួយគ្នាផងដែរ ។
ប្រភពពីអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុកុមារីនៅក្នុងផ្ទះបីនាក់បងប្អូន គឺកុមារីរងគ្រោះអាយុ១០ឆ្នាំ ប្អូនទី១ អាយុ៨ ឆ្នាំនិងប្អូនទី២ អាយុ០៥ឆ្នាំ ដេកនៅក្នុងផ្ទះបីនាក់បងប្អូនដោយឪពុកម្តាយទៅចូលរួមភ្ជាប់ពាក្យកូនស្រីដន្លងនៅភូមិត្រពាំងបុណ្យ ឃុំច្រេស ស្រុកចន្ទ្រា។ ចំណែកជនសង្ស័យឈ្មោះថាន់ បានមកផឹកស៊ីនៅផ្ទះរបស់ឈ្មោះ គឹម សាវន ខាងត្បូងផ្ទះជនរងគ្រោះចម្ងាយប្រមាណជា១០ម៉ែត្រ ឆ្លងថ្នល់លំដោយមានគ្នា៦នាក់ ផឹកតាំងពីម៉ោង៩និង០០នាទីព្រឹក ដល់ម៉ោងជាង១១និង៤០នាទីព្រឹក ក៏បាត់ជនសង្ស័យពីវង់ផឹក ហើយជនសង្ស័យនេះបានចូលទៅផ្ទះកុមារីរងគ្រោះ បានគំរាម៣នាក់បងប្អូនឲ្យនៅស្ងៀម កុំឲ្យមាត់បើហ៊ានស្រែកគេនឹងសម្លាប់ចោល ធ្វើឲ្យក្មេងទាំង៣នាក់បងប្អូនភ័យយ៉ាងខ្លាំង បន្ទាប់មកជនល្មោភកាមបានចាប់ក្មេងស្រីអាយុ១០ឆ្នាំរំលោភរហូតបានសំរេច។ ក្រោយពីធ្វើសកម្មភាពរួច ជនខាងលើបានដើរទៅកាន់វង់ផឹកស៊ីអង្គុយផឹកធ្វើព្រងើយ ក្រោយមកអ៊ុំស្រី ម្នាក់ដែលនៅផ្ទះក្បែរដោយលឺសូរស្រែកយំខ្លាំង ក៏ដើរទៅអើតមើល ស្រាប់តែប្រទះឃើញក្មួយស្រីដេកទាំងអាក្រាតៅក្នុងថ្លុកឈាម ទើបសួររឿងហេតុ ក្មួយស្រីប្រាប់ថាឈ្មោះ ថាន់ ចាប់រំលោភ ទើបចេញទៅផ្ទះអ្នកជិតខាងទូរសព្ទ័ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀងរាយ ដាក់ពាក្យបណ្ដឹងតែម្ដង។
ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍កសាងសំណំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកស្វាយទាប ចាត់ការតាមនីតិវិធី ៕ យឹម សុថាន