ខេត្តកំពង់ធំ៖ មនុស្ស៣នាក់ បានជិះម៉ូតូឌុបគ្នា មានជីតា កូនស្រី និងចៅស្រី បានជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្ដទេសចរណ៍មួយគ្រឿង បុកស្លាប់ភា្លមៗ នៅនឹងកន្លែងកើតហេតុ ហេតុការណ៍ការណ៍នេះ កើតឡើងនៅម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះជិះគ្នា៣នាក់ បានធ្វើដំណើរឆ្លងកាត់ផ្លូវ ស្រាប់តែពេលកំពុងតែឆ្លងនោះ ក៏មានរថយន្ដមួយគ្រឿង ប្រភេទទេសចរណ៍ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6280 បានបុកចំពីមុខពេញទំហឹង បណ្ដាលអោយជនរងគ្រោះ៣នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះទី១-ឈ្មោះ ឆុន ឆោម អាយុ៦៧ឆ្នាំ ទី២-ឈ្មោះ ជា ម៉ុន អាយុ២៥ឆ្នាំ និងទី៣-ឈ្មោះ ឆេង ណែ អាយុ២ឆ្នាំ ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពអោយ ក្រុមគ្រួសារ ដើម្បីយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី និងវាស់វែងធ្វើកំណត់ព្រមទាំងនាំយក ឯវត្ថុតាងទាំង២ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយនិងស្រាវជ្រាវរកជនបង្កចូលខ្លួនមក ដោះស្រាយតាមច្បាប់ ៕ ប៊ុន រិទ្ធី