ខេត្តកណ្តាល៖ រថយន្តមួយគ្រឿង អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង បានបើក បុកចូលតៀមលក់គ្រឿងក្លែម បង្កឲ្យមានមនុស្សរបួសធ្ងន់-ស្រាល៣នាក់ កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវលេខ១១០ ក្នុងឃុំឈើទាល ស្រុកកៀស្វាយ ខេត្តកណ្តាល ។
នគរបាលបានប្រាប់ថា រថយន្តម៉ាក Corola ១គ្រឿងបាន បើកមិនប្រយ័ត្នជ្រុលចង្កូតទៅបុកមនុស្ស កំពុងអង្គុយ ក្នុងរោងលក់គ្រឿងក្លែម បណ្ដាលឲ្យរបួស ៣នាក់ (ធ្ងន់១នាក់) ចំណេកឯសម្ភារ: ខូចខាតរួមមាន សំភារ:ក្នុងរោងលក់មួយចំនួនធំ, ម៉ូតូ C125 ០១គ្រឿង និងរថយន្តបង្ក០១គ្រឿង ។ រថយន្ត Corola ពណ៌ស សេរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ឆ.3379ភ-ព២ អ្នកបើកបរឈ្មោះ ចក់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករចុងភៅក្នុងរោងចក្រកាត់ដេរ រត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់ ។
រីឯម្ចាស់ផ្ទះរងគ្រោះឈ្មោះ លី អៀ ភេទប្រុស អាយុ៣២ឆ្នាំនៅ ភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ប្រភពបានឲ្យដឹងថា មុនកើតហេតុ អ្នកបើករថយន្តឈ្មោះ ចក់ បានបើករថយន្តបង្កខាងលើចេញ ពីផ្ទះមិត្តភក្ដិហើយ មានបំណងបត់ រថយន្តត្រឡប់ក្រាយវិញ លើផ្លូវជាតិលេខ១១០ តែអ្នកបើករថយន្តមិនអាចគ្រប់គ្រងស្ថានភាពបើកបររថយន្តបាន ក៏ជ្រុលចង្កូតទៅបុកលើមនុស្សដែលកំពុងអង្គុយក្នុងរោងលក់គ្រឿងក្លែមបណ្ដាលអោយរបួស៣នាក់ និងខូចខាតសម្ភារមួយចំនួនទៀត ។
ក្នុងករណីនេះផងដែរ បណ្តាលឲ្យមានអ្នករបួសចំនួន៣នាក់ ១-ឈ្មោះកាន់ ញ៉ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរគ្រឿងក្លែម នៅភូមិ-ឃុំកើតហេតុខាងលើ រងរបួសធ្ងន់, ២ ឈ្មោះលាវ វៃ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរចាំដី នៅភូមិ-ឃុំកើតហេតុខាងលើ រងរបួសស្រាល និង៣.ឈ្មោះ រតនា ភេទ ប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ភ្នំពេញ រងរបួសស្រាល។ ជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។
ចំណែកមធ្យោបាយបង្ក និងសម្ភារខូចខាតបានរក្សានៅក្នងរោងកើតហេតុ រង់ចាំប្រគល់ឲ្យជំនាញបន្តនីតិវិធី ៕ ថាច់ យ៉ាត