ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ តម្លៃផ្ញើម៉ូតូក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក១គ្រឿង៥ពាន់រៀល

ចែករំលែក៖

អ្វីៗហាក់ដូចជាប្រសើរសម្រាប់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺតម្លៃផ្ញើម៉ូតូជាទូទៅ១គ្រឿង៥ពាន់រៀល ដែលអ្នកផងទាំងពួងយល់ថា វាហាក់ដូចជាថ្លៃហួសហេតុហើយ ។ គេមិនដឹងថា តើអាជ្ញាធរមានសមត្ថកិច្ចខាងណាជាអ្នកទទួលខុសត្រូវចំពោះរឿងនេះទេ ។

ប្រភពបានឲ្យដឹងថា គ្រប់ទីកន្លែងដែលមានចងខ្សែខ្វាត់ខ្វែងសម្រាប់ទទួលផ្ញើម៉ូតូទាំងនៅតាមមុខគ្រឹះស្ថានសាធារណៈ ក៏ដូចជាសួនច្បារសាធារណៈ តម្លៃនៃការផ្ញើម៉ូតូដូចៗគ្នា គឺ១គ្រឿង៥ពាន់រៀល ។ នៅកន្លែងណា ក៏ដូចកន្លែងណា ដែលមានន័យថា វាជាការរៀបចំដ៏ត្រឹមត្រូវមួយរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការកំណត់តម្លៃនៃការផ្ញើម៉ូតូនេះ ។ ប៉ុន្តែតម្លៃម៉ូតូ១គ្រឿង៥ពាន់រៀល ត្រូវគេពិព័រណ៌នាថា វាថ្លៃហួសហេតុពេកហើយ ។ កន្លែងខ្លះអាចរកបានរាប់សិបលានរៀលក្នុងមួយថ្ងៃពីកន្លែងផ្ញើម៉ូតូនេះ ។

ប្រជាពលរដ្ឋបាននិយាយស្រដៀងគ្នាថា មិនមែនអ្នកមកលេងបុណ្យអុំទូក សុទ្ធតែមានប្រាក់ច្រើនសន្ធឹកនោះទេ ។ ដូច្នេះការយកថ្លៃម៉ូតូ១គ្រឿង៥ពាន់រៀល គឺវាថ្លៃហួសហេតុ ។ បើតាមការវាយតម្លៃរយៈពេល២ថ្ងៃនេះ ម៉ូតូរាប់សែនគ្រឿង ត្រូវបានយកមកផ្ញើនៅតាមកន្លែងនានា ។ ដូច្នេះ ចំណូលពីការផ្ញើម៉ូតូ ក៏បានច្រើនសន្ធឹកសន្ធាប់ណាស់ដែរ ។ គេថា ម៉ូតូ១តម្លៃផ្ញើត្រឹម២ពាន់រៀល គឺសមរម្យពេកហើយ ។ គេមិនដឹងថា ការកំណត់តម្លៃផ្ញើម៉ូតូជាសមត្ថកិច្ចខាងណានោះទេ ៕

ase


ចែករំលែក៖