ខេត្តកំពង់ចាម៖ យុវជនម្នាក់បានធ្លាក់ក្នុងអន្លង់ស្នេហ៍នាងក្រមុំក្បែរផ្ទះ ហើយក៏បានឲ្យឪពុកម្តាយចូលសួរចែចូវអស់រយៈពេលជាង២ឆ្នាំ ដោយមិនទាន់បានភ្ជាប់ពាក្យ ទើបធ្វើឲ្យតណ្ហាពុះកញ្ជ្រោលទ្រាំតទៅទៀតលែងបាន ក៏លបចូលផ្ទះកូនក្រមុំ ក៏ផ្សំដំណេកយ៉ាងត្រេកត្រអាល រួចក៏ក្លាយទៅជាអ្នកទោសស្នេហា ដោយអាណាព្យាបាលខាងស្រី ទាន់ហើយក៏ចាក់សោបន្ទប់ពីខាងក្រៅ រួចរត់ទៅប្តឹងសមត្ថកិច្ចបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
លោក សំ ណាល់ អធិការនគរបាលស្រុកបាធាយបានឲ្យដឹងថានៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចបានទទួលបណ្តឹងពីអ្នកស្រី គ.ស. អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ ប្តឹងឈ្មោះ វ៉ា រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា ។
យោងតាមពាក្យបណ្តឹងបានឲ្យដឹងថា នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឈ្មោះ វ៉ា រដ្ឋាបានលបចូលក្នុងបន្ទប់របស់កូនស្រី អាយុ១៦ឆ្នាំ ហើយបានចាប់រំលោភសេពសន្ធវៈលើរូបនាងរហូតបានសម្រេច ។ ខណៈនោះ ប្អូនរបស់អ្នកស្រីដែលមានឈ្មោះ ស.ម. អាយុ២៧ឆ្នាំបានដឹង ហើយក៏ចាក់សោបន្ទប់ពីក្រៅមិនឲ្យអ្នកទាំងពីរចេញរួច ដើម្បីទុកជាភស្តុតាង ហើយអ្នកស្រីនឹងប្តឹងសមត្ថកិច្ច ។ រហូតដល់ពេលជិតភ្លឺ សមាជិកក្នុងគ្រួសារម្នាក់បានចាក់សោបន្ទប់ឲ្យអ្នកទាំងពីរចេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ប្រហែលជា២ឆ្នាំកន្លងមកហើយ អាណាព្យាបាលកូនកំលោះបានមកសាកសួរ បំណងចូលស្តីដណ្តឹងនាងក្រមុំនោះឲ្យទៅកូនរបស់ខ្លួន ។ តែចាប់តាំងពីថ្ងៃនោះមក ជាង២ឆ្នាំហើយ នៅមិនទាន់ចូលមកភ្ជាប់ពាក្យ ដោយខាងប្រុសអះអាងថា មិនទាន់មានលុយគ្រប់ចំនួន ។
ការពន្យារពេលរបស់ចាស់ទុំយូរពេក ធ្វើឲ្យកូនកំលោះមានតម្រេកតណ្ហាឡើងខ្លាំងឡើង ទ្រាំមិនបាន ក៏ប្រថុយប្រាណចូលលេងល្បីស្នេហ៍ជាមួយកូនក្រមុំមិនទាន់ភ្ជាប់ពាក្យរហូតផ្ទុះរឿងអាស្រូវនេះឡើង ។
ក្រោយពីកើតហេតុការណ៍នេះឡើង អាណាព្យាបាលកូនកំលោះបានសុំសម្រុះសម្រួលភាគីខាងស្រី និងចូលស្តីដណ្តឹងតាមច្បាប់ ។
ទោះបីជាអង្ករក្លាយជាបាយ កូនស្រីត្រូវមេម៉ាយឥតខាន់ស្លាទាំងវ័យក្មេងក៏ដោយ កំហឹងអាណាព្យាបាលកូនក្រមុំមិនអាចរម្ងាប់ទៅវិញបានទេ ផ្ទុយទៅវិញ អាណព្យាបាលខាងស្រីបានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនយុវជន វ៉ា រដ្ឋា យកទៅផ្តន្ទាទោសតាមច្បាប់ ។
លោកអធិការសំ ណាល់ បានបន្តថា ក្នុងករណីនេះ លោកបានបញ្ជូនសំណុំរឿង និងជនសង្ស័យឈ្មោះ វ៉ា រដ្ឋា ទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តកំពង់ចាមចាត់ការបន្ត ។
ក្នុងករណីនេះ អ្នកភូមិបាធាយបាននិយាយខ្សឹបខ្សៀវគ្នាថា «ខ្មោចក្នុងឲ្យដៃ ទើបខ្មោចព្រៃហ៊ាន» ។ ក្នុងន័យនេះ វាជារឿងត្រូវគ្នារវាងកូនក្រមុំ កូនកំលោះ ច្រើនជាងការចោទថា ចាប់រំលោភសេពសន្ធវៈ ។ បើកូនក្រមុំមិនបើកទ្វារឲ្យទេ តើកូនកំលោះអាចចូលក្នុងបន្ទប់ម្តេចនឹងបាន?
បើទោះជាយ៉ាងណាក៏ដោយ ជោគជតារបស់យុវជន វ៉ា រដ្ឋា ស្ថិតនៅលើដៃលោកព្រះរាជអាជ្ញា និងលោកចៅក្រមដែលមានឆន្ទានុសិទ្ធិ ក្នុងការដាក់ទោសជនសង្ស័យជាអ្នកទោសស្នេហា ឬដោះលែងឲ្យមានសេរីភាព ពីព្រោះភាគីទាំងពីរមិនមែននៅជាអនីតិជននោះទេ ។ បើអ្នកទាំងពីរស្មោះស្ម័គ្រគ្នាមែននោះ វាជាអំណោយផលដ៏ល្អដល់ជនសង្ស័យ តែជារឿងអាម៉ាស់ចំពោះភាគីខាងស្រី ៕ ហេង នរិន្ទ្រន៍