ខេត្តមណ្ឌលគិរី៖ នាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីម្នាក់ត្រូវគេប្រទះឃើញស្លាប់នៅក្នុងព្រៃបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សន ភឿន ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា និងមានមុខរបរជា នាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា តាមការពិនិត្យនៅកន្លែងកើតហេតុបានរកឃើញខ្សែលួសភ្ជាប់ចរន្តភ្លើងពីអាគុយសម្រាប់ដាក់ឆក់សត្វប្រវែង២០០ម៉ែត្រ ប៉ុន្តែសាកសពមិននៅកន្លែងខ្សែលួសឆក់នោះទេ គឺត្រូវបានអ្នកប្រើខ្សែឆក់លើកយកទៅលាក់ទុកក្នុងព្រៃស្មៅចំងាយ៨០ម៉ែត្រពីកន្លែងឆក់។
ករណីនេះ សមត្ថកិច្ចជំនាញបានបន្តថា ក្នុងពេលពិនិត្យសាកសពឃើញជើងរបស់ជនរងគ្រោះទាំងសងខាងមានស្នាមលួសឆក់មុតជំរៅដល់ឆ្អឹងស្មងជើងប្រវែង៤ មីល្លីម៉ែត្រ ។ កម្លាំងនគរបាលជំនាញនឹងស្រាវជ្រាវរកជនសង្ស័យដែលប្រើចរន្តឆក់មកផ្តទ្ទាទោសតាមច្បាប់ ៕ ថាច់ យ៉ាត