ភ្នំពេញ៖ បុរសម្នាក់អះអាងថា ខ្លួនជាមេធាវី និងជាអង្គរក្សបានប្រើល្បិចឆបោក លុយពីប្រជាពលរដ្ឋជាបន្តបន្ទាប់រួចក៏គេចខ្លួនបាត់១ឆ្នាំពេលត្រឡប់មកវិញត្រូវជន រងគ្រោះប្រទះឃើញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្បែរប៉ុស្តិ៍នគរបាលទួល សង្កែ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម ១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកេវ រាជធានីភ្នំពេញ ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប៊ុន យ៉ុង ភេទប្រុស អាយុុជាង ៤០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ដោយជិះរថយន្ត១គ្រឿងម៉ាកកូរូ៉ឡា ពណ៌ ស្ករ ពាក់ស្លាកលេខភ្នំពេញ 2F-5293។ ចំណែកឯជនរងគ្រោះដែលត្រូវជនសង្ស័យ ឆបោកប្រាក់អស់ជិត១មឺុនដុល្លាអាមេរិកដោយរត់ការថ្លៃបង់ពន្ធរថយន្តឲ្យនោះមានឈ្មោះ រត់ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរទិញលក់រថយន្ត (គួកជេរថយន្ត) ដែលមានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ ។ ចំណែកជនរងគ្រោះ២នាក់ ផ្សេងទៀតដែលមិនបានស្គាល់នោះត្រូវ ជនសង្ស័យឆបោកទឹកប្រាក់សរុបចំនួន ៥.៨៥០ដុល្លារអាមេរិក ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានឃើញជនសង្ស័យរួចមកក៏ឃាត់ខ្លួនបានម្នាក់ ហើយក៏ប្រគល់ឲ្យសមត្ថកិច្ចដោយចោទថា ជនសង្ស័យបានឆបោកយកប្រាក់អស់ជិត១មឺុនដុល្លាអាមេរិករួចក៏គេចខ្លួនបាត់ជាង១ឆ្នាំដោយបានប្រាប់ថា រត់ការថ្លៃ បង់ពន្ធរថយន្ត។ លុះមកដល់ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះក៏ប្រទះឃើញជនសង្ស័យជិះរថយន្ត១គ្រឿងមកម្តុំប៉ុស្តិ៍ទួលសង្កែ ហើយក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ក្រោយពីសួរនាំរួចទើបដឹងថា ករណីនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅខណ្ឌ ជ្រោយចង្វា ហើយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ក៏បានបញ្ជូនជនសង្ស័យទៅឲ្យសមត្ថកិច្ច ខណ្ឌជ្រោយចង្វាចាត់ការបន្ត ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីចាត់ការតាមច្បាប់ ៕ ហេង នរិន្ទ្រ