ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃដំឡូងមីនិងពោតធ្លាក់ចុះខ្លាំង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រជាកសិករខេត្តប៉ៃលិនជាច្រើនគ្រួសារ ដែលប្រកបរបរទទួលទានដោយការដាំដំណាំដំឡូងមី និងពោតបាន រអ៊ូរទាំស្ទើរតែគ្រប់គ្នាអំពីបញ្ហាជីវភាពក្រោយ ពីកសិផលដែលពួកគាត់ប្រមូលបានគ្មានទីផ្សារសម្រាប់លក់ចេញ។

លោក ឃិន ចន្ថា កសិកររស់នៅភូមិ ក្បាលព្រលានសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានថ្លែងថាលោកបានដាំពោតចំនួន៥ ហិកតា ក្នុងចម្ការរបស់ខ្លួននៅភូមិខាងលើ អស់រយៈពេលជិត៤ខែមកហើយ ដោយ ប្រមូលផលបានប្រហែលជាង៣៥តោន។ លោកបន្តថាផលពោតរបស់លោកនេះមានស្តង់ខ្លះទិញក្នុងតម្លៃត្រឹមតែ៣,៥បាត (ប្រាក់ថៃ)ឬជាង៣០០រៀលក្នុង១គីឡូ ក្រាមហើយតាមស្តង់មួយចំនួនក្នុងខេត្តប៉ៃលិនក្រុមឈ្មួញអត់ទិញនោះទេពោលគឺ បានបិទទ្វារអស់ជាច្រើនកន្លែង ដូច្នេះហើយទើបលោកសុខចិត្តដឹកចេញពីខេត្តប៉ៃលិន ទៅលក់បន្តនៅស្រុកសំពៅលូន ខេត្តបាត់ ដំបងដោយ១គីឡូក្រាមតម្លៃ៣,៧បាត (ប្រាក់ថៃ)។

លោកបញ្ជាក់ទៀតថាតាំងពីប៉ុន្មានឆ្នាំមុនរហូតមកដល់ពេលនេះកសិករភាគច្រើននៅខេត្តប៉ៃលិនបានបោះបង់ចោលការដាំពោតក្រហមនេះព្រោះលំបាកក្នុងការដាំដុះ ហើយតម្លៃចុះថោកយ៉ាងគំហុក។ ទើបពួកគេងាកបែរទៅដាំដំឡូងមីម្តងវិញតែ តម្លៃដំឡូងមីក៏ចុះទាបដូចគ្នាដោយដំឡូងមីស្រស់១គីឡូក្រាមលក់បានថ្លៃត្រឹម ១,៣ ទៅ១,៤បាត (ប្រាក់ថៃ)ប៉ុណ្ណោះ ហើយ ដំឡូងមីក្រៀមលក់បានថ្លៃ៣ទៅ៤បាតក្នុង១គីឡូក្រាម។

បើតាមលោក គឹម ប្រុស ម្ចាស់ស្តង់ពោតស្ថិតនៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុក សាលាក្រៅបានឲ្យដឹងថាពោតក្រហមបច្ចុប្បន្នគេឈប់លក់ឲ្យឈ្មួញថៃហើយ ព្រោះ ថោកខ្លាំងពេកទើបលក់ឲ្យឈ្មួញខ្មែរម្តងវិញក្នុង១គីឡូក្រាមតម្លៃ៣,៥បាត ហើយខាងលោកបានដឹកបន្តទៅលក់នៅទីក្រុងភ្នំពេញដើម្បីឲ្យក្រុមហ៊ុនស៊ីភី (CP) ទិញ បន្តយកទៅផលិតចំណីសត្វ ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឲ្យដឹងថា តម្លៃទីផ្សារពោតក្រហមនិងដំឡូងមីបច្ចុប្បន្នស្ថិតក្នុងតម្លៃថោកដោយលោកមិនដឹងថាថៃឈប់ទិញកសិផលខ្មែរ ឬយ៉ាងណានោះទេបើចង់ដឹងច្បាស់ជាងនេះសូមទាក់ទងទៅខាងមន្ទីរពាណិជ្ជកម្មខេត្ត ។

លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជ កម្មខេត្តបានឲ្យដឹងថា ឈ្មួញថៃនៅតែបន្ត ទិញកសិផលពោតក្រហមនិងដំឡូងមី របស់ខ្មែរយើងដដែល ប៉ុន្តែដោយសារគេ ឲ្យតម្លៃថោកខ្លាំងពេកមិនអាចទទួលយកបាន ទើបប្រជាពលរដ្ឋខ្មែរសម្រេចចិត្តលក់ឲ្យទៅក្រុមហ៊ុនស៊ីភីដើម្បីយកទៅផលិត ចំណីសត្វនៅក្នុងប្រទេសកម្ពុជាម្តងវិញ ។ ចំណែកដំឡូងមីនៅខែវិច្ឆិកានេះអត់ទាន់មានអ្នកប្រមូលផលនៅឡើយទេ រហូតដល់ខែមករាឬខែកុម្ភៈទើបប្រមូលផលម្តងទៀត៕ ហេង សូរិយា

hqdefault image18


ចែករំលែក៖