ខេត្តកណ្តាលៈ រថយន្តធុនធំដឹកទំនិញបើកបរប្រើប្រាស់ល្បឿនលឿន នៅទីប្រជុំជនមិនមានការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលទៅបុកស្ត្រី២នាក់បងប្អូនបង្កើតកំពុងដើរឆ្លងផ្លូវ ធ្វើឲ្យស្ត្រីជាប្អូនរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម រីឯបងស្រីរងរបួសស្រាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល កាលពីវេលាម៉ោង១៨ និង០៥នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ដួង ចន្ទ្រា ភេទស្រី អាយុ២៧ឆ្នាំ រីឯស្ត្រីម្នាក់ទៀតរងរបួសស្រាលឈ្មោះ ដួង ម៉ៅ ភេទស្រី អាយុ៣២ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់ជាបងប្អូនបង្កើតនឹងគ្នា មានមុខរបរ ជាកម្មការីនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ“តេយ៉ុង” បច្ចុប្បន្នរស់នៅភូមិត្រពាំក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ។ ចំណែកឯរថយន្តបង្កម៉ាកBAW (ផលិតនៅប្រទេសចិន) ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-7331 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីបុកមនុស្សស្លាប់បានចុះគេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញស្ត្រីរងគ្រោះ២នាក់បងប្អូនចេញពីធ្វើការងារ ក៏កាន់ដៃគ្នាដើរឆ្លងផ្លូវជាតិលេខ៤ក្នុងទិសដៅពីត្បូងទៅជើងក្នុងគោលបំណងត្រឡប់ទៅកាន់លំនៅដ្ឋានស្នាក់នៅវិញ ខណៈកំពុងដើរនៅលើផ្លូវក៏ត្រូវរថយន្តបង្កបើកមកពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុបុកស្ត្រីរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យស្ត្រីជាប្អូនរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម រីឯស្ត្រីជាបងរងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ រីឯស្ត្រីរងរបួសស្រាលត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ដោយឡែកសាកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរថយន្ត បើកបរក្នុងល្បឿនលឿននៅទីប្រជុំជន ដោយខ្វះការប្រុងប្រយ័ត្ន ។ បច្ចុប្បន្នរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងដកហូត បញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ