ខេត្តកណ្តាលៈ ក្មេងប្រុសម្នាក់ដើរទៅតោងលេងនៅកន្លែងដាក់លក់រានទេវតាមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ២ គ្រោះអកុសលនឹងស្មានមិនដល់រានទេវតានោះបានធ្លាក់ សង្កត់ពីលើកុមារងគ្រោះបណ្តាលឲ្យបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់មួយរំពេច ធ្វើអោយអ្នកឃើញហេតុការណ៍ ពិសេសក្រុមគ្រួសារកុមារងគ្រោះរន្ធត់ចិត្តគ្រប់ៗគ្នា ។ ករណីនេះបានកើតឡើងកាល ពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។
ប្រភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កុមារង គ្រោះឈ្មោះ កុសល វិសាល ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ ជាសិស្សរៀនថ្នាក់ទី៣ នៃសាលាបឋមសិក្សាហ៊ុនសែន ព្រែកឬស្សី មានឪពុកឈ្មោះ ដុក កុសល អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅតុការ ម្តាយឈ្មោះ ខាត់ ស្រីនាង អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។
ប្រភពដដែលបានបន្តថា ជារៀងថ្ងៃក្មេងប្រុសរងគ្រោះតែងតែដើរកាត់កន្លែងលក់រានទេវតានេះ ។ រានទេវតានេះត្រូវបានម្ចាស់ដាក់តាំងលក់នៅខាងមុខផ្ទះ ក្បែរចិញ្ចើមផ្លូវជាតិលេខ២ រានទេវតានេះមិនបានបិតស៊ីម៉ង់ត៍ឲ្យជាប់ជាមួួយទម្រជើងខាងក្រោមនេះទេ ។ នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានចូលទៅតោងរានទេវតានេះលេង ខណៈនោះទើបបណ្តាលឲ្យរានទេវតាធ្លាក់ចេញីទម្រសង្កត់ត្រូវចំក្បាលកុមារ៉ារងគ្រោះបែកធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអណោចអធ័មតែម្តង ៕ស្អាងជ័យ