ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូឌូកសាក់កម្លាំងគ្នាម៉ាកហុងដាសេ១២៥ ខ្ទាតជិត២០ម៉ែត្របណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់នៅផ្លូវ៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូម៉ាកឌូក បុកជាមួយនឹងម៉ូតូហុងដាសេ១២៥ យ៉ាងពេញទំហឹងខ្ទាតជិត២០ម៉ែត្រ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងដីឡូតិ៍ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ទី១មានឈ្មោះ ភេទ លេខា ពន្លឺ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ទី២ឈ្មោះ ចាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។និងទី៣មិនស្គាល់ឈ្មោះ មានអាយុ៣៥ឆ្នាំ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក ឌូក ពាក់ស្លាកលេខ ភ្នំពេញ 1CX-1799បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវខាងលើ ចំណែកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-3286 បើកបរដោយបុរសម្នាក់ជិះឌុបបុរសម្នាក់ទៀតនៅខាងក្រោយក្នុងទិសដៅស្របគ្នា លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូហុងដាសេ១២៥ បានកាច់ស៊ីញ៉ូឆ្វេងបើកឆ្លងផ្លូវ ស្របពេលម៉ូតូម៉ាកឌូកដែលកំពុងបើកបរនៅខាងក្រោយ ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូហុងដាសេ១២៥ យ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងខ្ទាតជិត២០ម៉ែត្រចំណែកជនរងគ្រោះទាំង៣នាក់ ខ្ទាតរប៉ាត់រប៉ាយពេញផ្លូវអ្នកបើកបរម៉ូតូម៉ាកឌូក បាក់ដៃ អ្នកបើកម៉ូតូហុងដាសេ១២៥ រងរបួសធ្ងន់សន្លប់បាត់ស្មារតី ចំណែកអ្នករួមដំណើរជាមួយម្នាក់ទៀតរងរបួសធ្ងន់បែកមុខមាត់។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងអន្តរាគមន៍ហៅរថយន្តសាមុយមកដឹកជនរងគ្រោះម្នាក់ទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន ចំណែក២នាក់ទៀតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ចំណែកម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ច អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ តាឡឹម

ae-6 ae ae-1 ae-2 ae-3 ae-4 ae-5


ចែករំលែក៖