ខេត្តប៉ៃលិន ៖ ជារឿយៗតែងតែមានការត្អូញត្អែរពីប្រជាពលរដ្ឋ អំពីទង្វើអសីលធម៌ របស់គ្រូពេទ្យរដ្ឋមួយចំនួននៅពេល ដែលពួកគាត់ទៅរកសេវាព្យាបាលសុខភាព។ ទង្វើទាំងអស់នេះដូចជាការរើសអើងអ្នក ជំងឺការនិយាយស្តីជាមួយអ្នកជំងឺដោយ ពាក្យសម្តីមិនសមរម្យ និងការយកលុយ ជាធំជាដើម ដែលសកម្មភាពទាំង អស់នេះវាផ្ទុយនឹងក្រមសីលធម៌របស់គ្រូពេទ្យដែលជាបញ្ហាគ្រោះថ្នាក់បំផុតសម្រាប់សង្គម និង ប្រជាពលរដ្ឋ ហើយដែលតម្រូវឲ្យស្ថាប័នពាក់ព័ន្ធមានវិធានការដោះស្រាយជាបន្ទាន់ ។
ជាក់ស្តែងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពល រដ្ឋមួយគ្រួសារ រស់នៅភូមិថ្នល់ទទឹង ឃុំអូរ អណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈ្មោះ គង់ ណន ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ផាន សុភាព អាយុ៣២ឆ្នាំ បានយកកូនរបស់ខ្លួនឈ្មោះ គង់ ស្រីនិច ភេទស្រី អាយុ២១ខែ ទៅព្យាបាលជំងឺនៅ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈដែល កូនរបស់គាត់មានជំងឺក្អក ព្រមទាំងក្តៅ ខ្លួនខ្លាំងផងនោះ ។
បើតាមការរៀបរាប់ពីឈ្មោះ គង់ ណន ត្រួវជាឪពុករបស់ក្មេងស្រីដែលមានជំងឺ បានឲ្យដឹងថា រូបគាត់បាននាំកូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ តែនៅពេលទៅដល់បន្ទប់ ផ្នែកជំងឺកុមារ គឺមិនមានគ្រូពេទ្យប្រចាំការ ឡើយសូម្បីតែម្នាក់ ។ ពេលនោះរូបគាត់ក៏បានទៅសួរនៅបន្ទប់សង្គ្រោះបន្ទាន់ ស្រាប់តែមានគ្រូពេទ្យម្នាក់និយាយថា ប្រហែល គេទៅផឹកស៊ីអស់ហើយដឹង ព្រោះមាន កម្មវិធីខួបកំណើត ។
លោក គង់ ណន បានរៀបរាប់បន្តថា រូបគាត់បានអង្គុយរង់ចាំក្រុមគ្រូពេទ្យតាំងពី ម៉ោង៧ យប់រហូតដល់ ម៉ោង៨ និង៣០នាទី យប់ ទើបឃើញក្រុមគ្រូពេទ្យមកដល់ ហើយយកកូនរបស់គាត់ដែលមានជំងឺ ទៅព្យាបាល ព្រមទាំងដាក់សេរ៉ូម ។ ខណៈយកកូនទៅព្យាបាលនោះក៏មានគ្រូពេទ្យ ម្នាក់ (មិនស្គាល់ឈ្មោះបាន)និយាយស្តីបន្ទោសម្តាយអ្នកជំងឺថា បើមីង ឯងចេះ ចំបាច់យកមកឲ្យពេទ្យព្យាបាលធ្វើអ្វីមិនទៅមើលខ្លូនឯងទៅ ខណៈដែល ម្តាយអ្នកជំងឺ(ក្មេងដែលឈឺ)ចង់ឲ្យគ្រូ ពេទ្យថតអិុចសេរ៉េ ។
លោកបានបន្តទៀតថា ពេលនោះក៏មានការនិយាយដាក់គ្នាខ្លាំងៗបណ្តាលឲ្យអ្នកជំងឺ និងអ្នកកំដរផ្អើលមកចោមរោមមើលជាច្រើននាក់ ចំណែកភ្លើងក៏ដាច់ទៀត ប៉ុន្តែដាច់តែក្នុង បន្ទប់កូនគាត់ប៉ុណ្ណោះ ដោយមានគេ លួចបិទភ្លើង ។
លោកក៏បានសំណូមពរដល់ប្រធាន មន្ទីរសុខាភិបាលខេត្តឲ្យជួយណែនាំក្រុម គ្រូពេទ្យមួយចំនួនផង ព្រោះតែពួកគាត់មានសម្តីមិនសមជាគ្រូពេទ្យឡើយ ហើយសេវ៉ាវិញក៏យកពីរទៅបីដំណាក់កាលដែរ ។
តាមប្រភពព័ត៌មាន ពីអ្នកជំងឺ និងអ្នក កំដរនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឲ្យដឹងថា ស្ទើរតែរាល់ពេល ដែលប្រជា ពលរដ្ឋ ជាអ្នកក្រីក្រ មានជំងឺ ហើយទៅរក សេវាព្យាបាលរបស់រដ្ឋតែងតែត្អូញត្អែរពីទុក្ខលំបាកនិងរិះគន់ដល់សកម្មភាពមិនសមរម្យ របស់ក្រុមគ្រូពេទ្យមកលើពួកគេ ដែលទង្វើ នេះប្រាសចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌ របស់ខ្លួន និងសេចក្តីថ្លៃថ្នូររបស់មនុស្ស មានពេលខ្លះបើទោះបីជាអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវទទួលការព្យាបាលជាបន្ទាន់ ប៉ុន្តែគ្រូពេទ្យមិនព្យាបាលឡើយ ប្រសិនបើអ្នកជំងឺមិនបានបង់លុយមុនទេនោះ ។
ប្រភពព័ត៌មានបានបន្តទៀតថា បញ្ហា យកប្រាក់ជាត្រីមុខ ពោលនៅក្នុងភ្នែក របស់គ្រូពេទ្យខ្លះពោរពេញដោយទឹកលុយ ចំណែកភារកិច្ច ក្រមសីលធម៌ និងវិជ្ជាជីវៈ ពាក្យសម្បថ ត្រូវបំភ្លេចចោលទាំងស្រុង ដោយសារតែឥទ្ធិពលនៃប្រាក់ដុល្លារ ។
លោក ពេជ្រ សំបូរ ប្រធានការិយាល័យ ច្បាប់សាលាខេត្តប៉ៃលិនបានមានប្រសាសន៍ថា ក្នុងករណីក្រុមគ្រូពេទ្យមួយចំនួនធ្វើ ទង្វើអសីលធម៌ចំពោះអ្នកជំងឺគឺវាខុសក្រម សីលធម៌ និងវិជ្ជាជីវៈ របស់គ្រូពទ្យហើយ ដូច្នេះសុំឲ្យប្រធានមន្ទីរពេទ្យនោះធ្វើការ ណែនាំដល់គ្រូពេទ្យនោះជាបន្ទាន់ ។ លើស ពីនេះកង្វះវប្បធម៌ទទួលខុសត្រូវរបស់គ្រូពេទ្យ និងបញ្ហានិទណ្ឌភាពកង្វះចំណាត់ ការម៉ឺងម៉ាត់របស់ប្រធានមន្ទីរសុខាភិបាលនៅក្នុងវិស័យនេះ ក៏ជាបញ្ហាដ៏រសើបនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជាផងដែរ ។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកយកព័ត៌ មានកាសែតនគរវត្ត មិនអាចសុំការបំភ្លឺ ពីលោកប្រធាន មន្ទីរសុខាភិបាលខេត្តប៉ៃ លិន និងលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបាន ទេនៅរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៦ ដោយសារទូរស័ព្ទមិនចូល ហើយយើងសង្ឃឹមថាលោកទាំងពីរនឹង ជួយបំភ្លឺនៅពេលក្រោយ ៕ ស សារ៉េត