ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់០២នាក់របួស០៦នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីផ្សេងគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស២នាក់បានប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងមនុស្សស្រី ប្រុសចំនួន ០៦នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍០២លើកផ្សេងៗគ្នា នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសខាងលើនេះ បើតាមសមត្ថកិច្ចនគរបាលស្រុកក្រគរប្រាប់ថា នៅវេលាម៉ោងប្រមាណ៧និង១៥យប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតក្នុងភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍០១កើតឡើងលើករវាងម៉ូតូ នឹងរថយន្ត ដោយមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A 2411 បើកបរដោយជនម្នាក់មិនស្គាល់អត្តញ្ញាណ(រត់គេចខ្លួន) ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៍បានបុកម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ខ្មៅ គ្មានស្លាកលេខ ខណៈធ្វើដំណើរច្រាសទិសគ្នា(លិចទៅកើត)ពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរភាគ្គីម៉ូតូស្លាប់ទាំង២នាក់ភ្លាមៗ។

ប្រភពព័ត៌មានខាងលើបន្ថែមទៀតថា ភាគ្គីខាងរងគ្រោះម៉ូតូ MSX ត្រូវបានគេស្គាល់ទី១ឈ្មោះ ឈុន លី ភេទប្រុស អាយុ ២២ឆ្នាំ និងទី០២ទីឈ្មោះ ភាព ភេទប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្នអ្នកទាំង០២នាក់រស់នៅភូមិ-ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំពោះវត្ថុតាងម៉ូតូនិងរថយន្តសមត្តកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល ដើម្បីរងចាំធ្វើការវាស់វែងនឹងដោះស្រាយគ្នាតាមនីតិវិធី។

ដោយឡែកនៅវេលាម៉ោងប្រមាណ៥និង១០នាទីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ត្រង់ចន្លោះបង្គោលគីម៉ែត្រលេខ ២០-២១ ស្ថិតភូមិកំពែង ឃុំប្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានសមត្តកិច្ចនគរបាលស្រុកភ្នំក្រវាញប្រាប់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍០១លើកដែរ រវាងគោយន្តកន្រ្តៃ០២គ្រឿងបើកជែងហើយគារគ្នាក្រឡាប់ចូលស្រែ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលអ្នកបើកបរនិងអ្នករួមដំណើរចំនួន ០៦នាក់។

ប្រភពបន្តថាគេឃើញគោយន្តកន្រ្តៃមួយគ្រឿងម៉ាក គូបូតា សេរីឆ្នាំ២០១៣ ពណ៌ក្រហម បើកបរដោយឈ្មោះ សឿន ឡឺម ភេទប្រុស អាយុ ២៧ឆ្នាំ រួមដំណើរដោយឈ្មោះ គឿន សឿន ភេទប្រុស អាយុ ៣៨ឆ្នាំ អ្នកទាំងពីបច្ចុប្បន្នរស់នៅភូមិបឹងស្ដុក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកជែងគោយន្តកន្រ្តៃ០១គ្រឿងទៀតម៉ាក គូបូតា សេរីឆ្នាំ២០១៤ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(ត្បូងទៅជើង) លុះមកដល់ចំណុចកើតហេតុបានគារគ្នាក្រឡាប់ចូលស្រែតែម្តង បណ្ដាលឲ្យខាងភាគីបើកជែងរងរបួសធ្ងន់ទាំងអ្នកបើកបរទាំងអ្នករួមដំណើរ ចំណែកភាគ្គីគោយន្តម្ខាងទៀតបើកបរដោយឈ្មោះ ឈុំ មុល ភេទប្រុស អាយុ ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាក់ត្រា ឃុំប្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(រងរបួសស្រាល) និងកូនៗចំនួន ០៣នាក់ទៀតរងរបួសធ្ងន់ម្នាក់ស្រី។

ប្រភពដដែលបញ្ជាក់ទៀតថា ជនរងរបួសត្រូវបានគេបញ្ជូនទៅព្យាបាល(សង្រ្គោះ)នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

ចំណែកវត្ថុតាងគោយន្តកន្រ្តៃទាំង០២គ្រឿង បានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលព្រងិល ដើម្បីរងចាំបន្តការដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន

as-6 as as-1 as-2 as-3 as-4 as-5

 

 


ចែករំលែក៖