ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហើបឲ្យដឹង ថា ទីលានប្រជាធិបតេយ្យស្ថិតនៅក្បែរស្ថានទូតអាមេរិកក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នឹងត្រូវប្តូរទៅទីតាំងថ្មីស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ហើយយកទីតាំងចាស់ទៅធ្វើជាសួនច្បារបម្រើជាប្រយោជន៍ សាធារណៈ ព្រមទាំងមានការសាងសង់ កន្លែងសម្រាប់ជនពិការប្រគំតន្ត្រីផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាស ឲ្យដឹងកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី ៣៤នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។
សម្តេចតេជោ ហ៊ុន សែន បានលើក ឡើងថា តំបន់ទីលានប្រជាធិបតេយ្យចាស់ នេះបានបង្កការរំខានទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តនៅ បូជនីយដ្ឋានវត្តភ្នំដែលជាតំបន់ទេសចរណ៍ ប្រវត្តិសាស្រ្តមួយនោះ។
សម្តេចតេជោបានគូសបញ្ជាក់ថា ទីតាំង ទីលានប្រជាធិបតេយ្យនេះជាតំបន់សម្រាប់ អ្នកពាណិជ្ជកម្ម អ្នកការទូត និងសម្រាប់ អ្នកទេសចរផងដែរដែលគួរតែត្រូវប្តូរចេញ ដើម្បីចៀសការបង្កផលប៉ះពាល់ ។
សម្តេចតេជោមានប្រសាសន៍ទៀតថា ទីលានប្រជាធិបតេយ្យបើទោះបីផ្លាស់ប្តូរទៅទីតាំងផ្សេងក៏មិនប៉ះពាល់ដល់ដំណើរការនៃការសម្តែងមតិ ឬតវ៉ានោះទេ ព្រោះការតវ៉ាមិនមែនសម្រាប់ឲ្យប្រជាពលរដ្ឋទៅឈរមើលនោះទេ គឺប្រជាពលរដ្ឋអាចមើលតាមបណ្តាញព័ត៌មានឬបណ្តាញ សង្គមហ្វេសប៊ុកជាដើម ។
សម្តេចតេជោក៏បានចាត់ចែងឲ្យយក ទីតាំងទីលានប្រជាធិបតេយ្យចាស់ធ្វើជាសួនច្បារសម្រាប់ប្រជាពលរដ្ឋលំហែកាយ ហើយឲ្យយកមួយចំណែកធ្វើជាកន្លែង សម្រាប់ក្រុមជនពិការប្រគំតន្ត្រីរកថវិកា ផងដែរ ។
សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតចំអក ឲ្យអាមេរិកផងដែរប្រសិនបើអាមេរិកប្រតិកម្មនឹងការរុះរើទីតាំងទីលានប្រជាធិបតេយ្យ នេះ ព្រមទាំងពូកែគាំទ្របាតុកម្មផងនោះ សម្តេចនឹងធ្វើទីលានប្រជាធិបតេយ្យនៅ មុខស្ថានទូតអាមេរិកតែម្តង ។
ក្នុងទិវាជនពិការកម្ពុជាលើកទី១៨ និង ទិវាជនពិការអន្តរជាតិលើកទី៣៤ក្រោម ប្រធានបទ “ផ្តល់អាទិភាព និងសិទ្ធិអំណាច ដល់ជនពិការលើគ្រប់វិស័យដើម្បីសង្គម មួយគ្មានពិការភាព” សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ទីលានប្រជាធិប តេយ្យដែលសព្វថ្ងៃមានទីតាំងនៅជិតវត្តភ្នំនោះនឹងត្រូវផ្លាស់ប្តូរទៅនៅជាយក្រុងវិញ ពោលគឺនៅតាមបណ្តោយផ្លូវជាតិលេខ៥។ ចំណែកទីលានប្រជាធិបតេយ្យសព្វថ្ងៃនឹងត្រូវរៀបចំជាសួនច្បារវិញព្រោះថានៅតំបន់ នោះជាតំបន់ទេសចរណ៍មិនអាចឲ្យមានការតវ៉ាអ្វីដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវ ទេសចរនោះទេ ។
ក្រៅពីនេះសម្តេចតេជោលើកឡើងថា ក្រៅពីយកទីលានប្រជាធិបតេយ្យសព្វថ្ងៃធ្វើជាសួនច្បារនោះត្រូវតែទុកដីមួយចំណែក ធ្វើជាវេទិកាសម្រាប់ឲ្យជនពិការសម្តែង សិល្បៈ។ យ៉ាងនេះក្តីសម្តេចតេជោបញ្ជាក់ ថា មិនឲ្យយកជនពិការធ្វើជាមុខរបររបស់អ្នកនៅពីក្រោយខ្នងនោះឡើយ ពោលគឺ ត្រូវរៀបចំដោយខ្លួនឯង ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បានឲ្យដឹងថា ការ ដោះដូរទីលានប្រជាធិបតេយ្យនេះធ្វើឡើងបន្ទាប់ពីមានសំណើរបស់ប្រជាពលរដ្ឋរស់នៅជុំវិញទីលានប្រជាធិបតេយ្យ និងសមា គមធនាគារស្ថិតនៅតំបន់នោះ។ លោក បន្តថា ក្រុមប្រជាពលរដ្ឋរស់នៅជុំវិញទីលាន ប្រជាធិបតេយ្យ និងសមាគមធនាគារបាន លើកឡើងក្នុងវេទិកាសាធារណៈថា រាល់ ពេលមានការសម្តែងមតិម្តងៗនៅលើ ទីលានប្រជាធិបតេយ្យនេះបានធ្វើឲ្យប៉ះ ពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេ ។
លោក មាន ច័ន្ទយ៉ាដា បានឲ្យដឹងដែរ ថា រដ្ឋបាលសាលារាជធានីភ្នំពេញបាន សម្លឹងរកឃើញទីតាំងថ្មីសម្រាប់ធ្វើទីលានប្រជាធិបតេយ្យនេះហើយគឺស្ថិតនៅលើ សួនច្បារគីឡូម៉ែត្រលេខ៦ក្បែរស្ថានីយប្រេងឥន្ធនៈសូគីម៉ិច តាមបណ្តោយផ្លូវជាតិ លេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវដែលស្ថិតមិនឆ្ងាយពីគល់ស្ពានជ្រោយចង្វានោះឡើយ ។
លោក មាន ច័ន្ទយ៉ាដា បានឲ្យដឹងទៀត ថា សំណើយកសួនច្បារគីឡូម៉ែត្រលេខ៦ ក្បែរស្ថានីយប្រេងឥន្ធនៈសូគីម៉ិចសម្រាប់ធ្វើទីតាំងថ្មីទីលានប្រជាធិបតេយ្យនេះ សាលារាជធានីភ្នំពេញបានបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃរួចហើយ តែមិនទាន់ទទួលបានការសម្រេចនៅឡើយនោះទេ ។
សូមបញ្ជាក់ថា ទីលានប្រជាធិបតេយ្យនាពេលបច្ចុប្បន្ននេះមានទីតាំងនៅក្បែរវត្តភ្នំខាងលិចស្ពាននាគក្នុងសង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ។ ទីលានប្រជាធិបតេយ្យលាត សន្ធឹងលើផ្ទៃដីដែលមានទំហំទទឹង៥៥ម៉ែត្រ និងបណ្ដោយ១៩៨ម៉ែត្រ។ ទីលាននេះត្រូវ ប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០១០ ដោយលោក កែប ជុតិមា ដែលកាលនោះលោកជាអភិបាលរាជធានីភ្នំពេញ ។
ទីលាននេះប្រើសម្រាប់ប្រជាពលរដ្ឋ មន្រ្តីអង្គការសង្គមស៊ីវិល ព្រមទាំងគណ បក្សនយោបាយផងដែរជួបជុំដើម្បីសម្តែងមតិ ឬតវ៉ាទៅលើបញ្ហាផ្សេងៗដែលពួកគេមិនពេញចិត្តដើម្បីស្វែងរកដំណោះស្រាយ ពីរាជរដ្ឋាភិបាល ឬ អ្នកពាក់ព័ន្ធដទៃទៀត។
កាលពីឆ្នាំ២០១៣ក្រោយពេលលទ្ធ ផលបោះឆ្នោតគណបក្សសង្រ្គោះជាតិបានយកទីលានប្រជាធិបតេយ្យប្រមូលផ្តុំអ្នកគាំទ្ររាប់ពាន់នាក់តវ៉ាប្រឆាំងលទ្ធផលឆ្នោត អស់ជាច្រើនខែ តែទីបំផុតក្រុមអ្នកតវ៉ាត្រូវបានបំបែកដោយកម្លាំងរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ក្រោយសង្កេតឃើញថា ការ តវ៉ានោះឈានដល់ការផ្ទុះហិង្សានិងមានការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃផងនោះ ។
យោងតាមរបាយការណ៍របស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទាបង្ហាញថា ឆ្នាំ ២០១៦ មានជនពិការសរុបចំនួន២.៥៧៦ នាក់ ក្នុងនោះមាន៣៥០នាក់ចូលបម្រើការ ងារក្នុងស្ថាប័នរដ្ឋ និងឯកជនចំនួន២.០៧២ នាក់។ ឆ្នាំ២០១៦នេះដែរជនពិការចំនួន ២១.៥៥៤នាក់បានទទួលសេវាស្តារលទ្ធភាពពលកម្ម កាយសម្បទាដោយឥតគិត ថ្លៃ ហើយក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និង អង្គការដៃគូបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបង្កើតមុខរបរដល់ជនពិការបាន ១៧.១២៣នាក់សង់ផ្ទះជូនអតីតយុទ្ធជន បានចំនួន២.៩៦៥ខ្នង ៕ ហេង សូរិយា