ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបាមសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីហិង្សាដោយចេតនាទៅលើអ្នកដទៃ ដោយជម្លោះក្នុងការលក់ដូរកាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសតាយសេង ស្ថិតក្នុងភូមិតាបិប សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះចាន់ ចំរើន អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ។ រីឯជនសង្ស័យបង្កហេតុដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ម៉ុល ឡុន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រៃចាច ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងរីឯម្នាក់ទៀត ដែលរត់គេចខ្លួនមានឈ្មោះ កែប ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅ ភូមិព្រៃចាច ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុបានអោយដឹងថាមានបុរសម្នាក់បានមានជម្លោះជាមួយបុរស២នាក់ទៀត ក្នុងការរកស៊ីលក់ដូរនៅមុខតំបន់សេដ្ឋកិច្ចពិសេស តាយសេងដោយជេរគ្នាទៅវិញទៅមកកាន់តែខ្លាំង ស្រាប់បុរស២នាក់ បានព្រួតគ្នាវាយទៅលើជនរងគ្រោះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកធ្វើដំណើរ និងកម្មកររោងចក្រនាំគ្នាចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចឃាត់ខ្លួនជនបង្កបានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួនបាតតែ ម្ដង ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីព្យាបាលមុខរបួស ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត និងម្នាក់ទៀតបានកំពុងស្វែងរកការឃាត់ខ្លួនមកចាត់ការតាមច្បាប់ ៕ យឹម សុថាន