ព័ត៌មានទាន់ហេតុការណ៍៖

យោធាម្នាក់ស្រវឹងស្រាបើកឡានបុករបាំងថ្មពុះចែកទ្រូងអូសជាង១០០ម៉ែត្រ ទើបទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីយោធាបើករថយន្ដម៉ាក NAVARA ក្នុងស្ថានភាពស្រវឹង បើកក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ហើយរថយន្ដមិនទាន់អស់ល្បឿន អូសប្រហែល១០០ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួច តែបែរជាសមត្ថកិច្ចមូលដ្ឋានអោយអោយម្ចាស់រថយន្ដហៅរថយន្ដស្ទួចឯកជនមកស្ទួចយករថយន្ដទៅជួសជុលដោយខ្លួនឯងទៅវិញ គឺមិនបានទំនាក់ទំនងទៅកម្លាំងជំនាញចុះទៅវាស់វែងដោះស្រាយតាមផ្លូវច្បាប់នោះទេ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងជើងស្ពានអាកាស ក្បាលថ្នល តាមបណ្ដោយមហាវិថីព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានដែលនៅជិតកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដបង្កម៉ាកNAVARA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AC-៨៨៩០ បើកបរដោយបុរសម្នាក់ពាក់ឯកសណ្ឋានជាមន្ត្រីយោធាក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងចំក្បាលរថយន្ដចំហៀងខាងឆ្វេងខ្ទាតរបាំងថ្មចេញពីគ្នាចំនួនពីរកង់ ចំណែករថយន្ដដាច់កាឡេកង់ខាងមុខអូសប្រហែលជា១០០ ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួច។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ តែមិនដឹងជានិយាយត្រូវរ៉ូវគ្នាឬក៏ខ្លាចអំណាចម្ចាស់រថយន្ដយ៉ាងណានោះទេ ទើបអោយម្ចាស់រថយន្ដហៅរថយន្ដស្ទួចឯកជនមកស្ទួចរថយន្ដបង្កទៅជួសជុលដោយមិនបានរាយការណ៍ទៅកម្លាំងជំនាញអោយចុះវាស់វែងដោះស្រាយតាមផ្លូវច្បាប់ឡើយ៕ ភារ៉ា ដង្កោ

img_1179 img_1183 img_1199 img_1208 img_1310


ចែករំលែក៖