ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានបានបង្ហើបចេញពីកម្លាំងមន្រ្តីជំនាញចុះអនុវត្តបានឲ្យដឹងថារថយន្តធុនធំម៉ាក FUSO ពណ៌ស គ្មានស្លាកលេខ១គ្រឿង ត្រូវបានកម្លាំងចម្រុះបង្រ្កាប នៅពេលកំពុងដឹកជញ្ជូនឈើហើយ ត្រូវបានគេសង្ស័យថា រថយន្តខាងលើនេះដឹកជញ្ជូនឈើច្រើនជើងមកហើយៗកំពុងធ្លាយរឿង ជាប់ពាក់ព័ន្ធនឹងរឿងច្រើនរវាងឈ្មួញ នឹងមន្រ្តីសមត្ថកិច្ច ។
ប្រភពខាងលើបន្តថា បើតាមចម្លើយបែបលាក់លៀមខ្លះៗពីបុរសជាអ្នកបើកបររថយន្តធុនធំដឹកឈើម្នាក់ ឈ្មោះ សឿង វណ្ណៈ អាយុ ២៩ឆ្នាំ បច្ចុប្បន្នរស់នៅអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់ និយាយថា ឈើខាងលើនេះគាត់ស៊ីឈ្នួលដឹកឲ្យគេទេ គឺដឹកចេញពីម្តុំឃុំអន្លង់រា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅរាជធានីភ្នំពេញ ក្នុងតម្លៃ២លានរៀល ហើយឈើនេះម្ចាស់មានច្រើននាក់ និងមានកងកម្លាំងម្នាក់ជាអ្នករត់ការតាមផ្លូវផង។
អ្នកបើកបររថយន្តដឹកឈើរូបនោះបន្តទៀតថា នៅពេលសមត្តកិច្ចជំនាញពាក់ព័ន្ធសួរនាំស្រង់យកចម្លើយផ្សេងៗគ្នារួចមក ឃើញថា បញ្ហានេះមានការជាប់ពាក់ព័ន្ធវែងឆ្ងាយរវាងមេឈ្មួញនឹងសមត្ថកិច្ចមួយចំនួនហើយសាកសួរសមត្ថកិច្ចអនុញ្ញាតឲ្យអ្នកបើកបររថយន្តរូបនោះវិលត្រឡប់ទៅលំនៅឋានវិញ។ ចំណែកវត្ថុតាទាំងរថយន្តទាំងឈើយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទ ខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ។
គួររំលឹកថា ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើម៉ាក FUSO ពណ៌ស គ្មានស្លាកលេខនេះសមត្ថកិច្ចបានធ្វើឡើងតាំងពីវេលាទៀបភ្លឺថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦មកម្លេ៉ះ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ កែងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ-សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់។
មន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ឈើដែលរថយន្តធុនធំដឹកខាងលើរួមមាន ឈើប្រណីតពកម្រះព្រៅភ្នំចំនួន២ដុំ ទម្ងន់១.៧៧៦គីឡូក្រាម ឈើអារជ្រុង និងតុមូល ជាឈើប្រភេទលេខ១(គគីរ)ចំនួន១៣ដុំ ស្មើនឹង ០,៩០៨ម៉ែត្រគូប។
បើតាមមន្រ្តីជំនាញឲ្យដឹងថា ឈើប្រណីតពកម្រះព្រៅភ្នំ និងឈើអារជ្រុងប្រភេទគគីរលេខ១ ខាងលើនេះ យោងតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ឈើប្រណីតពកម្រះព្រៅភ្នំ ត្រូវពិន័យក្នុង ១គីឡូក្រាម តម្លៃ៦០០០រៀល ហើយតម្លៃនេះគុណនឹង៣ដង មានន័យថា ក្នុង១គីឡូក្រាមគុណនឹង៦០០០រៀល ស្មើរនឹង១៨.០០០រៀល ចុះបើឈើប្រភេទនេះ មានទម្ងន់ដល់ទៅ១.៧៧៦គីឡូក្រាមឯណោះ គុណលុយច្រើនណាស់ ។ ចំណែកឈើអារជ្រុងប្រភេទលេខ១ ពិន័យក្នុង១ម៉ែត្រគូប តម្លៃ ១.០៥០.០០០រៀល គុណនឹង៣ដងដូចគ្នា ៕ ប៉ឹម ពិន