តាមប្រភពពីប្រជាពលរដ្ឋនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើបន្តកើតមានយ៉ាងពេញបន្ទុក ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត គិតតែរឿងផលប្រយោជន៍ប៉ុណ្ណោះ។ ថ្មីៗនេះគេបានរកឃើញគំនរឈើអារប្រភេទលេខ១ដែលក្រុមឈ្មួញយកមកស្តុកទុកក្នុងព្រៃ ដើម្បីលើកឡើងរថយន្តដឹកជញ្ជូនឆ្លងកាត់ស្រុកភ្នំក្រវាញ ឆ្ពោះទៅស្រុកក្រគរ និងក្រុងពោធិ៍សាត់។ បញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍នោះ គឺគំនរឈើយ៉ាងច្រើននោះនៅមិនឆ្លាយពីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើប្រមោយ និងស្នាក់ការផ្នែករដ្ឋបាលព្រៃឈើវាលវែងនោះទេ។
មន្ត្រីអាជ្ញាធរមូលដ្ឋានឃុំប្រមោយ សង្ស័យថាឈ្មួញឈើមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកវាលវែង ទើបគេអាចដឹកជញ្ជូនឈើទៅគរទុកនៅក្បែរស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើប្រមោយ និងស្នាក់ការផ្នែករដ្ឋបាលព្រៃឈើវាលវែងតែម្តង ដើម្បីកុំឲ្យសមត្ថកិច្ចដទៃទៀតមកប៉ះពាល់។ ទីតាំងគំនរឈើអារប្រភេទលេខ១នោះ គឺនៅចំណុចអូរដេកាក្បែរផ្លូវជាតិលេខ៥៥លើដីចម្ការក្បែរផ្ទះឈ្មោះ អឿន នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឈើទាំងនោះមានដូចជា ឈើកកោះ ឡាំងជាជ្រុង មានមុខកាត់០,៣០ម៉ែត្រទៅ០,៥០ម៉ែត្រ ប្រវែងបណ្ដោយ៣ទៅ៤ម៉ែត្រ និងឈើក្ដារសន្លឹកជាច្រើនទៀត។ ឈើទាំងនោះត្រូវឈ្មួញគ្រោងដឹកចេញទៅលក់ក្នុងពេលឆាប់ៗ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន មិនចាត់វិធានការបង្ក្រាបឡើយ។
ប្រជាពលរដ្ឋក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង សង្ស័យថាសរុបឈើទាំងនោះមិនក្រោម៣០ម៉ែត្រគូបទេ ហើយការដែលឈ្មួញអាចប្រមូលទិញឈើយកមកគរទុកក្បែរស្នាក់ការរដ្ឋបាលព្រៃឈើ គឺអាចមានការឃុបឃិតជាមួយលោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែងផងដែរ។ គេបានកត់សម្គាល់ថាកន្លងមកមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបតែពលរដ្ឋដែលដឹកជញ្ជូនឈើបន្តិចបន្តួចទៅជួសជុលផ្ទះសម្បែង ឬពលរដ្ឋដែលចូលព្រៃកាប់អុសដឹកតាមរទេះគោក្របីប៉ុណ្ណោះ។ ចំណែកឈ្មួញធំៗដែលដឹកជញ្ជូនឈើតាមរថយន្តកូរ៉េ ឬរថយន្តយីឌុប ផ្ទុកឈើប្រណីតឬឈើប្រភេទលេខ១រាប់សិបម៉ែត្រគូបតែងចៀសផុតពីការបង្ក្រាប ហេតុនេះហើយទើបបទល្មើសកាប់ឈើក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅតែបន្តកើតឡើងយ៉ាងមហន្តរាយ៕