ភ្នំពេញ៖ មានករណីផ្ទុះអាវុធ(បាញ់មេឃ) ៤ទៅ៥គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ដែលករណីនេះ នគរបាលអះអាងថា ជាការបាញ់គំរាមចោរឆក់កាបូបជនបរទេសប៉ុណ្ណោះ ។
លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានថ្លែងឲ្យដឹងថា ការបាញ់ឡើងលើចំនួន៤-៥គ្រាប់ បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ ប្រជាពលរដ្ឋ នៅក្បែរតារាងបាល់ទះយីហោ១៦៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ខាងលិចក្លឹបកំសាន្ត Rock នាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នេះជាការបាញ់គំរាមចោរឆក់កាបូបទៅលើនារីបរទេស ដែលកំពុងជិះរ៉ឺម៉ក់កង់៣ មិនមែនជាករណីបាញ់ប្រហារទៅលើជនណានោះទេ។
លោក យិន សាន បានបញ្ជាក់ភ្លាមៗក្រោយកើតហេតុថា តាមពិតទៅមានមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ ជិះរថយន្ត Lexus RX-300 ពណ៌ខ្មៅ ពេលដែលកំពុងបើករថយន្ត ស្រាប់តែឃើញសកម្មភាពចោរឆក់កាបូបនារីជនជាតិបរទេស ពេលនោះមន្រ្តីនគរបាលរូបនោះក៏បាញ់ឡើងលើពី៤-៥គ្រាប់ ដើម្បីគំរាមក្រុមចោរ ហើយក៏បានបង្កការភ្ញាក់ផ្អើលតែម្តង។ ក្រោយពីបាញ់គំរាមក្រុមចោរបានរត់គេចខ្លួនអស់ ៕