ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញរៀបចំកិច្ចប្រជុំជាមួយប្រធានផ្សារទាំងអស់នៅភ្នំពេញដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារ សារាចរណែនាំរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកិច្ចប្រជុំ ជាមួយប្រធានផ្សារ ទាំងអស់នៅភ្នំពេញ ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារ សារាចរណែនាំ របស់រាជរដ្ឋាភិបាល ស្ដីពីការលុបចោល ការបង់ថ្លៃចំពោះប្រជាពលរដ្ឋ ដែលលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អី នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ។

ការប្រជុំនេះដោយអនុវត្តតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានចេញការណែនំាទូទំាងប្រទេសកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦។

កាលពីថ្ងៃទី១១ ខែធ្នូ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាអ្នកនំាពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានចាត់ឲ្យរូបលោក រៀបចំកិច្ចប្រជុំជាមួយ ប្រធានផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យចូលរួមអនុវត្ដ ឲ្យត្រឹមត្រូវនូវសារាចរនេះ។ការងារនេះ ក្រោយពីបានឃើញ នូវសេចក្ដីប្រកាស ហើយនឹងសេចក្ដីណែនាំ របស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល លោកអភិបាល រាជធានីភ្នំពេញ ប្រាប់លោកថា៖ ដើម្បីថ្ងៃអង្គារ ទី១៣ ខាងមុខនេះ នឹងត្រូវដឹកនាំកិច្ចប្រជុំ ជាមួយប្រធានផ្សារទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ទាំងផ្សាររដ្ឋ និងឯកជន ដើម្បីចូលរួមអនុវត្ដខ្លឹមសារ នៃសេចក្ដីណែនាំនេះ ឲ្យមានប្រសិទ្ធភាព។

ប្រភពបន្តថា៖ ផ្សារធំៗនៅក្នុងរាជធានីភ្នំពេញ មានចំនួន២៥ផ្សារ ហើយចំពោះប្រជាពលរដ្ឋ ដែលលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អីជាដើមនោះ ក៏មានចំនួនច្រើនដែរ តែចំនួនច្បាស់លាស់យ៉ាងនោ នឹងត្រូវរៀបចំ ជារបាយការណ៍ នៅថ្ងៃទី១៣ ខែធ្នូ ខាងមុខ ។

ផ្សារនៅភ្នំពេញដែលលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អី ច្រើនជាងគេគឺផ្សារដើមគរ ផ្សារ អូប្ញស្សី ផ្សារទួលទំពូង ផ្សារធំថ្មី ផ្សារចាស់ ផ្សារកណ្ដាល ផ្សារនាគមាស ផ្សារច្បារអំពៅ ផ្សារបន្លែរច្បារអំពៅ និងផ្សារអូឡំាពិក។

គួរបញ្ជាក់ដែរថា៖ កាលពីថ្ងៃទី៩ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានចេញសារាចរមួយ ស្ដីពី “ការលុបចោលការបង់ថ្លៃ ចំពោះប្រជាពលរដ្ឋ ដែលលក់ដូរ តាមកញ្ច្រែង កញ្ចើ ល្អី” ក្នុងគោលបំណង កាត់បន្ថយភាពក្រីក្រ និងលើកកំពស់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ៕

swe


ចែករំលែក៖