ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកកាស៊ីណូជាច្រើននាក់នាំគ្នាតវ៉ានៅមុខកាស៊ីណូម្កុដពេជ្រ ខណៈថៅកែអត់បានបើកប្រាក់ខែឱ្យតាមពេលកំណត់ និងផ្អាកការងារគ្មានដំណោះស្រាយ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តប៉ៃលិន សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះមកជួយសម្របសម្រួល រវាងភាគីតំណាងក្រុមហ៊ុន នឹងតំណាងបុគ្គលិក ចំនួន ៩៥នាក់ ដែលពួកគាត់បានមកប្រមូលផ្តុំគ្នា នៅខាងមុខកាស៊ីណូ ម្កុដពេជ្រ នៅជាប់ក្បែរច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយទាមទារឱ្យថៅកែ ឈ្មោះ Mr.Sin ជាជនជាតិកូរ៉េ ដែលបានជួលតុបន្ត ចំនួន ១២ ពីកាស៊ីណូ ម្កុដពេជ្រ ដើម្បីឱ្យបើកប្រាក់ខែជូនពួកគាត់ និងរកដំណោះស្រាយ នៅពេលដែលថៅកែរូបនេះ បានផ្អាកការងាររបស់ពួកគាត់ និងមិនមានប្រាក់ឧបត្ថម្ភក្នុងការដោះស្រាយជីវភាពនៅពេលដែលពួកគាត់គ្មានការងារធ្វើ។

បើតាមការរៀបរាប់របស់តំណាងបុគ្គលិកបានឱ្យដឹងថា៖ ជារៀងរាល់ខែ ថៅកែតែងតែបើកប្រាក់ខែឱ្យពួកគាត់នៅថ្ងៃទី៣ ហើយរហូតមកដល់ថ្ងៃនេះ ថៅកែនៅមិនទាន់បានបើកប្រាក់ខែឱ្យពួកគាត់ និងបានផ្អាកការងាររបស់ពួកគាត់ មិនមានពេលកំណត់ ទើបពួកគាត់នាំគ្នាមកតវ៉ា ពីព្រោះពួកគាត់មកធ្វើការនៅទីនេះ គឺត្រូវការប្រាក់បង់ថ្លៃជួលផ្ទះ ថ្លៃទឹកថ្លៃភ្លើង និងដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយពួកគាត់ក៍បានសំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញឱ្យជួយរកដំណោះស្រាយជូនពួកគាត់ផង។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវខេត្តប៉ៃលិន បានឱ្យដឹងថា៖ ដោយទទួលបានព័ត៌មាននេះ លោកបានដឹកនាំមន្ត្រីជំនាញ សហការជាមួយកម្លាំងសម្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីជួយសម្របសម្រួល និងរកដំណោះស្រាយ រវាងភាគីថៅកែ និងបុគ្គលិក ហើយជាលទ្ធផល នៅវេលាម៉ោង ១រសៀល ថ្ងៃដដែល ថៅកែបានយល់ព្រមបើកប្រាក់ខែឱ្យបុគ្គលិកគ្រប់ចំនួន ដោយម្នាក់ទទួលបានចាប់ពី ៧០០០បាត ទៅ ១៥០០០បាត តាមមុខតំណែងរៀងៗខ្លួន។

លោកបានបន្តថា៖ ចំពោះបញ្ហាការផ្អាកការងាររបស់បុគ្គលិក មួយរយៈដោយពេលកំណត់ គឺមិនមានដំណោះស្រាយទេ ដោយតំណាងថៅកែបានលើកឡើងថា ថៅកែគាត់បានក្ស័យធនទៅហើយ គឺគ្មានប្រាក់ទេ។

គួរបញ្ចាក់ថា៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៍មានហេតុការណ៍បុគ្គលិកកាស៊ីណូនាំគ្នាតវ៉ា នឹងបង្កឱ្យមានការភ្ញាក់ផ្អើលផងដែរ ដោយថៅកែកាស៊ីណូហ្គោលឌិនវិចតូរីយ៉ា (Golden Victoria Casino) ដែលមានថៅកែជាជនជាតិចិន មិនព្រមបើកប្រាក់ខែឱ្យបុគ្គលិកដែលធ្វើការងារនៅទីនោះជាង ១០០នាក់ ហើយនៅពេលដែលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវខេត្ត បានចុះទៅធ្វើការសម្របសម្រួល ទើបថៅកែកាស៊ីណូ បានសុំបើកប្រាក់ខែមុន ឱ្យបុគ្គលិកទាំងនោះក្នុងម្នាក់ៗ ចំនួន ២០០០បាត(ប្រាក់ថៃ)សិន ដោយសន្យាថានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ទើបគាត់បើកប្រាក់ខែឱ្យគ្រប់ចំនួនតែម្តង ៕ ស សារ៉េត

abs-1 abs-2 abs-3 abs-4 abs-5 abs-6 abs-7


ចែករំលែក៖