ខេត្តមណ្ឌលគិរី៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអធិការនគរបាលស្រុកកោះញែកឃាត់ខ្លួន ដោយសារជនសង្ស័យបានដឹកសាច់សត្វទន្សោងស្រស់ចំនួន៣០គីឡូក្រាម ចេញពីតំបន់ព្រៃការពារស្រុកលំផាត់ខេត្តរតនគិរី ជាប់ព្រំប្រទល់ស្រុកកោះញែកខេត្តមណ្ឌលគិរី បម្រុងយកមកលក់ឲ្យឈ្មួញ ទិញបន្ត នៅក្នុងស្រុកកោះញែក។ ហើយការឃាត់ខ្លួន នេះតាំងពីថ្ងៃ១០ ខែធ្នូឆ្នាំ២០១៦ នៅត្រង់ចំណុចក្បែរអូរព្រះ ស្ថិតនៅក្នុងភូមិអូរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីកម្លាំងល្បាតរបស់អធិការនគរបាលស្រុកកោះញែកចុះល្បាត់ ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់កំពុងធ្វើសកម្មភាពដឹកជញ្ជូនសាច់សត្វទន្សោងនឹងម៉ូតូក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់នេះ និងម៉ូតូចំនួន២គ្រឿង ព្រមទាំងសាច់សត្វទន្សោងចំនួន៣០គីឡូក្រាម បញ្ជូនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យទី១-ឈ្មោះ យីង ចាន់តូ ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិស្រែអង្រ្គង ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី ចំណែកជនសង្ស័យទី២-ឈ្មោះ ញ៉ុយ ប៊ុនធឿន ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិស្រែពក ឃុំសិរីមង្គល ខេត្តរតនគិរី ៕ វុឌ្ឍ ឦសាន