ព័ត៌មានទាន់ហេតុការណ៍៖

ចាញ់ល្បិចមេខ្លាឃ្លោកប្រើដែកឆក់យកអស់ទ្រព្យពីខ្លួន តាមឡាំប៉ាផ្អើលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងនៅវេលាម៉ោង ១១និង ១៥នាទីយប់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ត្រង់ស្តុបផ្សារដើមគ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីកំលោះក្រមុំមួយគូ ដែលគេអះអាងថាជាគូដណ្តឹងនឹង គ្នាបានជិះម៉ូតូដេញតាមរថយន្តមួយគ្រឿងរបស់មេល្បែង(ខ្លាឃ្លោក)ដែលកៀបស៊ីលុយ និង គ្រឿងអលង្ការអស់ពីខ្លួនរួចបើករថយន្តរត់មកដល់ទីនេះទើបឃាត់បាន ។

កំលោះក្រមុំមួយគូនេះដំបូងឡើយគេមិនត្រូវបានគេស្គាល់ឈ្មោះ និងអាសយដ្ឋាននៅទីណាទេ គ្រាន់តែដឹងថាពួកគេមានអាយុ ប្រមាណជាង២០ឆ្នាំ ស្របាលៗគ្នា ហើយបាននិយាយប្រាប់អ្នកចោម រោមមើលក្នុងហេតុការណ៍នេះថា ពួកគាត់បានចាញ់បោកមេល្បែងខ្លាឃ្លោកឬក្តាម ឃ្លោក ដែលដាក់ថ្នាំនាំបក្ខពួក មកកៀបស៊ីលុយ គ្រឿងអលង្ការ អស់ពីខ្លួន សូម្បីកាតគ្រីម៉ូតូ រថយន្ត ឬបណ្ណបើកបរក៏គ្មានសល់ផង ។

បុរសរងគ្រោះរូបនេះក្រោយមកទើបប្រាប់គេឯងថា គាត់ឈ្មោះប៉ូច ចំរើន ជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនឯកជន មានទីលំនៅ ស្រុកស្រូសន្ធរ ខេត្តកំពង់ចាម។គាត់បាន បានរៀបរាប់ថា នៅយប់ថ្ងៃកើតហេតុរូបគាត់និងសង្សារបានទៅមើលគេ ប្រគំតន្រី្តនៅម្តុំរោងចក្រដំបូលខៀវ តាមបណ្តោយផ្លូវវេងស្រេង ភូមិក្រាំងពង្រ សង្កាត់ចោមចៅ ខណ្ឌ ពោធិសែនជ័យ ក៏ឃើញមានក្រុមល្បែងក្តាមឃ្លោកមួយក្រុម(ក្រុមកៀប)មានគ្នាប្រមាណ៤-៥នាក់កំពុងលេងស៊ីសងគ្នាយ៉ាងសប្បាយ ។ ពេលនោះមានមនុស្សម្នាក់ជាសមា ជិកក្រុមនេះបានចាប់ដៃគាត់ឲ្យជួយកានកាន់គម្របខ្លាឃ្លោក ហើយ ពួកគេផ្សេងទៀតជាអ្នកចាក់ស៊ីសងស្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយដោយមានអ្នកចាញ់និងអ្នកឈ្នះ ។ ប៉ុន្តែចាប់ពីពេលបក្ខពួកម្នាក់ នោះកាន់ដៃកាត់ពេលណាមកធ្វើឲ្យគាត់វង្វេងស្មារតីដូចមនុស្សត្រូវគេដាក់ថ្នាំសណ្តំ ហើយ ពេលនោះពួកគេចាប់ផ្តើមពង្វក់ឲ្យរូបគាត់ចាក់តាមគេរហូតគេចាញ់មកដកយកកាបូបលុយគាត់មានលុយ៥០ដុល្លារ អត្តសញ្ញាណបណ្ណ កាតគ្រីរថយន្តម៉ូតូ ខ្សែដៃមួយខ្សែ និងទូរស័ព្ទដៃ មួយគ្រឿង ។ មួយសន្ទុះទើបគាត់ដឹងខ្លួនឡើងវិញ ក៏ស្ទុះទៅកញ្ឆក់យកកាបូបនិងគ្រឿងអលង្ការរបស់គាត់ពីស្រី្តម្នាក់ជាប្រពន្ធរបស់មេខ្លាឃ្លោកវិញ តែពួកគេព្រួតគ្នាវាយគាត់បែក ចិញ្ចើមរួចនាំគ្នាជិះរថយន្តគេចខ្លួនបាត់អស់ ។

ជនរងគ្រោះបានបន្តថា បន្ទាប់ពីក្រុមនេះជិះរថយន្តគេចខ្លួន គាត់ក៏សុំទូរស័ព្ទអ្នកជិតខាងនៅកន្លែងកើតហេតុទូរស័ព្ទទៅកាន់បងប្អូនឲ្យជួយស្ទាក់ចាប់រថយន្តមេខ្លាឃ្លោកទាំងនេះដោយប្រាប់ភិនភាគនិងស្លាកលេខរថយន្ត ហើយគាត់និងសង្សារក៏មកទាន់នៅចំណុចស្តុប ផ្សារដើគនេះតែម្តង ។

នៅចំពោះមុខមហាជនជាច្រើនដែលចោមរោមមើលក្នុងហេតុការណ៍នេះ បុរសម្នាក់ ដែលជិះរថយន្តជាមួយប្រពន្ធមានអាយុជិត៥០ឆ្នាំ ហើយត្រូវបានគេអះអាងថាជាមេខ្លាឃ្លោក កៀបស៊ីលុយពីជនរងគ្រោះជិះរថយន្តមកឈប់នៅស្តុបខាងលើនេះ បានចុះពីលើរថយន្តនិ យាយថា ខ្លួនគេមិនមែនដាក់ថ្នាំសណ្តំជនរងគ្រោះស្អីទេ ។ បុរសនេះថា ការពិតជនរងគ្រោះ ឃើញប្រពន្ធរបស់គាត់ចាក់ឃ្លោក ពេលឃើញដូច្នេះជនរងគ្រោះក៏កាច់លុយនេះយកទៅចាក់ ក្តាម ហើយពេលចេញឃ្លោកអត់លុយសងគេច្រើនដៃ ទើបដោះខ្សែដៃ ទូរស័ព្ទ និងកាបូបលុយឲ្យគេ បែរជាចោទគេថាដាក់ថ្នាំសណ្តំទៅវិញ ។

ទោះយ៉ាងណាមេខ្លាឃ្លោកម្នាក់នេះនិយាយយ៉ាងសឿងថា « ល្បែងតែងមានល្បិច»។ដូច្នេះបាតុភាពរឿងនេះមិនមែនទើបតែកើតមានម្តងនេះទេគឺកើតមានច្រើនលើកមកហើយ ដូចមេខ្លាឃ្លោកម្នាក់នេះនិយាយបែបអំនួតថា គាត់ធ្វើមេត្រូវតែមានល្បិច ហើយល្បិចរបស់ គាត់នោះគឹមេខ្លាឃ្លោក ឬមេអាប៉ោង ប្រើដែកឆក់ បានជាជនរងគ្រោះ ឃើញបក្ខពួកល្បែងស៊ីសងបើកគ្របឲ្យឃើញក្តាមសោះ រឿងអីចេញឃ្លោក ? ល្បិចមេបែបនេះហើយទើប ធ្វើឲ្យអ្នកខ្លះលក់រថយន្ត ម៉ូតូ យកមកចាញ់ល្បិចមេល្បែងទាំងនេះ ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ជនរងគ្រោះនិងក្រុមល្បែងខ្លាឃ្លោកកៀបស៊ី លុយទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធខណ្ឌទួលគោក នាំខ្លួនទៅសាកសួរនិងកសាងសំណុំរឿងតាមច្បាប់ ៕ ប្រាថ្នា

ase-3 ase ase-1 ase-2


ចែករំលែក៖