ខេត្តកំពង់ធំៈ ផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋជាង៣០០គ្រួសារ ដោយលើកបដាគ្រប់ដៃ ក្រាញននៀល ព្រមទាំងប្តេជា្ញចិត្តដាច់ខាតហាមមិនឲ្យព្រះតេជគុណ អ៊ាង ញ៉ិក អតីតព្រះចៅអធិការ ឈានជើងចូលវត្តអរញ្ញះសត្ថារាម ហៅវត្តអូសារាយ មកធ្វើជាព្រះចៅអធិការម្តងទៀត ក្រោយពីបានបង្ករឿងអាស្រូវជាមួយស្រីញី ចំនួន៣លើក បានធ្វើឲ្យប្រជាពលរដ្ឋ រស់នៅភូមិតាទ្រា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំឆ្អែតចិត្ត និងអស់ជំនឿ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ទាំងព្រលឹម ព្រមទាំងបានបិទរបងវត្តហាមមិនឲ្យគណៈធម្មការសង្ឃស្រុក និងព្រះមេគណស្រុក ដង្ហែព្រះតេជគុណ អ៊ាង ញ៉ិក ចូលវត្តដើម្បីតែងតាំងជាព្រះចៅអធិការវត្តវត្តអូសារាយ ដោយពួកគាត់បានអះអាងថា កាលពីព្រះតេជគុណគង់ជាអធិការវត្ត បានបង្ករឿង អាស្រូវចំនួន៣លើក ដែលមានការពាក់ព័ន្ឋនឹងស្រីញី ក្នុងនោះករណីដែលធ្វើឲ្យប្រជាពលរដ្ឋឆ្អែតចិត្តគឺ បានចាប់ក្មេង ស្រីអាយុ៩ឆ្នាំ រំលោភក្នុងវត្ត ទើបមានការប្តឹងផ្តល់ទៅតុលាការ ពីសំណាក់អាណាព្យាបាលរបស់ក្មេងស្រី ក្រោមការជួយជ្រោមជ្រែងពីអង្គការសិទ្ធិមនុស្សអាដហុក ទៅដល់សាលាឧទ្ធរណ៍ ក្រោយព្រះសង្ឃនេះ បាននាំបក្ខពួកមកជីករុករក មាសក្នុងវត្ត ក្រោយពីមានរឿងជាប់ៗគ្នា គណៈកម្មការវត្ត និងមន្រ្តីសង្ឃ ព្រមទាំងមន្ទីរធម្មការ ស្រុកបាននិមន្តព្រះតេជ គុណឲ្យចាកចេញពីវត្ត អោយទៅនៅវត្តផ្សេងៗ ដើម្បីឲ្យវត្តនេះមានភាពស្ងប់និងសុខសាន្ត ។
ប្រជាពលរដ្ឋបានអះអាងថា លុះដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៦កន្លងទៅថ្មីៗនេះ គណៈធម្មការស្រុក និងព្រះមេគណស្រុកស្ទោង បានមក ប្រជុំបោះឆ្នោតស្ទង់មតិពីប្រជាពលរដ្ឋសម្រេចថា នឹងទទួលព្រះតេជគុណ អ៊ាង ញ៉ិក មកធ្វើជាព្រះចៅអធិការវិញឬ ក៏មិនទទួល តែការបោះឆ្នោតគឺពុំបានរាប់សន្លឹកឆ្នោតមុខប្រជាពលរដ្ឋនោះទេ ដោយបានខ្ចប់យកទៅរាប់នៅកំពង់ធំ ស្រាប់តែគណៈសង្ឃបានចេញលិខិតសម្រេច ឲ្យប្រជាពលរដ្ឋទទួលយកព្រះតេជគុណ អ៊ាង ញ៉ិក ជាព្រះចៅអធិការនេះម្ដងទៀត ធ្វើអោយប្រជាពលរដ្ឋខកចិត្ត ដោយបានបញ្ជាក់ថា ការប្រជុំសម្រេចថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៦ ចុះហត្ថលេខាដោយ ព្រះតេជគុណ ហ៊ុល ឡុង ព្រះមេគណស្រុកស្ទោង បានសេចក្តីថា នេះគឺជាការឃុបឃិតគ្នា ដោយមិនប្រកតី ទើបប្រជាពលរដ្ឋច្រានចោលមិនទទួលយក។
ចំណែកព្រះតេជគុណ ហ៊ុល ឡុង ព្រះមេគណស្រុកស្ទោង បានមានសង្ឃដិការថា ការរៀបចំដង្ហែព្រះតេជគុណអតីត ព្រះចៅអធិការមកវត្តនេះ ដោយយោងតាមច្បាប់របស់ ព្រះសត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់កិត្តិយស់ ព្រះមេគណខេត្តកំពង់ធំ បានសម្រេចឲ្យព្រះតេជគុណមកធ្វើជាព្រះចៅអធិការដូចដើម ។
ក្រោយពីប្រទុស្តរ៉ាយគ្នាមួយសន្ទុះធំនៅមុខវត្ត គណៈគណៈសង្ឃ និងមន្រ្តីសង្ឃ បានសម្របសម្រួលសុំឲ្យព្រះសង្ឃចូលទៅក្នុងវត្ត ដើម្បីចរចាជាមួយនឹងប្រជាពលរដ្ឋ ដែលមានអភិបាលរងស្រុកស្ទោង ចូលរួមក្នុងកិច្ចដំណោះស្រាយ ទើបលោកសាយ គឹមឡម អភិបាលរងស្រុកស្ទោង បានមានប្រសាសន៍ថា ករណីនេះលោកគិតថា បើសិនជាឲ្យព្រះតេជគុណ អ៊ាង ញ៉ិក មកធ្វើជាព្រះចៅអធិការវិញ ក៏មិនបានសុខដែរ ដោយសារប្រជាពលរដ្ឋទូទាំងឃុំ គេមិនពេញចិត្ត នាំតែកើតបញ្ហាតាមក្រោយ យកល្អគួរតែនិមន្តឲ្យទៅធ្វើព្រះចៅអធិការវត្តណាផ្សេងៗ ដែលពុំមានចៅអធិការទើបបាន សុខទាំងអស់គ្នា ចំណែកវត្តអូសារាយនេះ និមន្តព្រះសង្ឃអង្គផ្សេងៗមកធ្វើជាព្រះចៅអធិការក៏បាន ចៀសវាងមានការថ្នាំងថ្នាក់ក្នុងវត្ត ៕ ប៊ុនរិទ្ធី