ភ្នំពេញ ៖ សមត្ថកិច្ចបុ៉ស្តិ៍វាលវង់ដេញតាមទាន់ចាប់ចោរស្រីម្នាក់បន្លំវះលួចយកលុយនៅក្នុងថង់។ ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៦ នៅចំណុចក្នុងផ្សារសេរីភាព តាមបណ្តោយផ្លូវលេខ១៦៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ចាយ លីន អាយុជាង៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យខាងលើបានដើរចូលទៅក្នុងផ្សារហើយរកមើលទំនិញចុះឡើងៗ ហើយក៏បានដើរទៅកន្លែងលក់ត្រីមួយកន្លែងហើយបានវះថង់ដាក់ចូលក្នុងហោបា៉ខោ ហើយបានដើរចេញទៅខាងក្រៅ ក៏ត្រូវសមត្ថកិច្ច ដែលយាមនៅក្នុងផ្សារឃើញដូច្នេះក៏បានរត់ទៅដេញតាមជនសង្ស័យរហូតដល់មុខផ្សារទើបចាប់ភ្លាមៗ រួចក៏នាំខ្លួនជនសង្ស័យទៅសាកសួរនៅបុ៉ស្តិ៍វាលវង់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍វាលវង់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ សរស្មី