ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ខ្លួនឯងដោយសង្ស័យលេបថ្នាំសម្លាប់ខ្លួនឯង ព្រោះរឿងបាត់លុយ៧៤០ដុល្លារ និងមាសទម្ងន់១ជី៥ហ៊ុន ។
ហេតុបានកើតឡើងកាលវេលាម៉ោង៦:០០ នាទីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ តឿ គៀត ភេទស្រី អាយុ៣៤ឆ្នាំមុខរបរ កម្មករោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ ក្រសាំងផ្អែម ឃុំត្រាចទង ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។
តាមប្រភពពត៌មានពីអ្នកជិតខាងនៅបន្ទប់ជាប់ជនរងគ្រោះ បាននិយាយថា ជារៀងរាល់ថ្ងៃជនរងគ្រោះ តែងតែមកនិយាយលេងសើចជាពួកគាត់តែចំឡែកថ្ងៃកើតហេតុមិនឃើញមកអង្គុយលេង។ដោយមានការឆ្ងល់ទើបនាំគ្នាស្រែកហៅតែមិនឆ្លើយតប ហើយដោយសង្ស័យក៏នាំគ្នាគាស់បង្អួច ស្រាប់តែឃើញជនរងគ្រោះបែកពពុះមាត់ ។
តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលឃើញជនរងគ្រោះបែកពពុះមាត់ អ្នកជិតខាងបាននាំគ្នាហៅម្ចាស់ផ្ទះមក ហើយធាក់ទំលុះទ្វារដើម្បីជួយសង្គ្រោះជនរងគ្រោះតែអកុសលជនរងគ្រោះបានស្លាប់ បាត់ទៅហើយ។
តាមប្រភពមួយចំនួនបាននិយាយថា នៅថ្ងៃទី១៤ ជនរងគ្រោះត្រូវជនសង្ស័យដាក់ថ្នាំ យក មាសមួយដំឡឹង១ជី៥ហ៊ុននឹងលុយ៧៤០ដុល្លារ នៅម្តុំផ្សារអូដឹម សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានតេហៅសមត្ថកិច្ចមកដល់កន្លែងកើតហេតុធ្វើកោសល់វិច័យ ។
តាមប្រភពព័ត៌មានពីនគរបាលជំនាញនិងក្រុមគ្រូពេទ្យបានបញ្ជាក់ថាសពជនរងគ្រោះពិតជាស្លាប់ដោយសារលេបថ្នាំសម្លាប់ខ្លួន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សុខាសែនជ័យ