ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនល្ងីល្ងើៈ « បានពីក្អែក ចែកតាវ៉ៅ »

ចែករំលែក៖

ពំនោលបុរាណខ្មែរបានពោលថា « បានពីក្អែក ចែកតាវ៉ៅ » ដែលន័យនេះស្រដៀងនឹង ពាក្យសាមញ្ញថា« បានអីស៊ីចែកគ្នារស់ »គឺសំដៅពីការចែករំលែកផលរួមអ្វីមួយទៅដល់សមាជិកថ្នាក់ក្រោមបានរស់ទាំងអស់គ្នា ដោយមិនស៊ីដាច់តែឯង ។

ការពិតទៅពំនោលបុរាណខ្មែរនេះ ហាក់ដូចជាជំរុញឲ្យបុគ្គលទាំងឡាយនៅពេលទទួលបានផលអ្វីមួយដែលកើតចេញពីក្រុម ឬពួក រួមគ្នាធ្វើបានដោយជោគជ័យនោះ ត្រូវតែ ចេះសាមគ្គីគ្នា និងចែករំលែកផលទាំងនោះបានរស់ទាំងអស់គ្នាទោះតិចឬច្រើនក្តី ។

នៅសង្គមខ្មែរយើង មានតិចណាស់នឹងទង្វើ « បានពីក្អែក ចែកតាវ៉ៅ » ឬ «បានអីស៊ី ចែកគ្នារស់» ព្រោះបើពិនិត្យទៅរាល់ការលោភលន់របស់បុគ្គលណាមួយនោះ បើបានផលអ្វីមួយគួរឲ្យមោទនភាពហើយ គឺរមែងលាក់លៀម លាក់បំពួន ខ្លាចគេដឹង ខ្លាចគេសុំ នោះហើយគេហៅថា« មនុស្សអាចម៍ក្តាប់ ឬ ជុះអាចម៍លីដំបង » ។ មនុស្សជំពូកនេះមានច្រើនដែរក្នុងសង្គមខ្មែរ រហូតអ្នកខ្លះនិយាយថា បើមិនជុះអាចម៍លីដំបង ធ្វើម៉េចមានឡានទំនើប រាប់ឡូត៍ជិះ និងមានវីឡាត្រជាក់ស្កឹមស្កៃរស់នៅយ៉ាងសុខដុមរម្យនា ? ជាងនេះទៅទៀត មនុស្សធុននេះបើជាមន្រី្តរាជការវិញ អាចងាយរកមូលហេតុឃើញច្បាស់ណាស់ នូវទង្វើ លាក់បំពួនរបស់ខ្លួនគឺដើម្បីកេងប្រវ័ញ្ចពុករលួយប៉ុណ្ណោះ ។

ពួកពុករលួយគេមិនដែលទម្លាយឲ្យដឹងទង្វើអាក្រក់របស់ខ្លួន ឬ មានវប្បធម៌ បានលាភយកមកចែករំលែកដល់អ្នកដទៃដូចពាក្យ បានពីក្អែកចែកតាវ៉ៅនោះឡើយ ពោល ក្រៅពីលាក់លៀមស្មូរកំណាញ់ គឺមិនបានជួយដល់សង្គមនោះទេ ។

នាយជាល សូមសរសើរ និងលើកឧទាហរណ៍ទាក់ទងពំនោលបុរាណខ្មែរដែលពោលថា បានពីក្អែកចែកតាវ៉ៅ សម្រាប់បុគ្គលកីឡាករ(អត្តបុគ្គល) បើទោះជាខ្លួនទទួលបានរង្វាន់ ជាបុគ្គលផ្ទាល់ខ្លួនលើសលប់យ៉ាងណាក៏ដោយ ក៏បុគ្គលនេះមិនហារមាត់លេបត្របាក់តែម្នាក់ ឯងទេ គឺសុខចិត្តបេះយកទៅចែករំលែកផលនេះទៅឲ្យបុគ្គលផ្សេងក្នុងក្រុមទោះតិចក្តី ច្រើនក្តី ឲ្យសមនឹងពាក្យថា « បានពីក្អែក ចែកតោវ៉ៅ» នោះហើយគេហៅថា ចែកគ្នារស់ ។

និយាយបែបនេះមិនសំដៅទៅលើបុគ្គលណាម្នាក់នោះទេ តែបើបុគ្គលនោះយល់ថា នាយជាលនិយាយត្រូវគួរតែយកវប្បធម៌ចែករំលែក ចែកគ្នារស់ដាក់ក្នុងខ្លួនខ្លះទៅ កុំស៊ីតែឯង មិនក្រែងចិត្តគេ ប្រយ័ត្នបែកពោះដូចហ៊ីង ៕ នាយជាល


ចែករំលែក៖