ខេត្តកំពង់ឆ្នាំង ៖ លោកឧកញ្ញ៉ា កុយ សុវណ្ណ អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច និងលោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៦ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ កម្មករ កម្មការនី ដែលរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅគ្លីនិគឯកជន នៅស្រុកកំពង់ត្រឡាច ។
នៅក្នុងឱកាសនៃការអញ្ជើញចុះសាកសួរសុខទុក្ខនេះលោកឧកញ្ញ៉ា កុយ សុវណ្ណ ដែលជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្រឡាចចូលរួម សំដែងនូវការសោកស្តាយយ៉ាងក្រៃលែង ចំពោះឧប្បត្តិគ្រោះថ្នាកចរាចរណ៍ ដែលបានកើតឡើង បណ្តាលអោយកម្មករ កម្មការនី ចំនួន២៩នាក់ បានរងរបួសស្រាល និងធ្ងន់ ។
លោក ឧកញ្ញ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែបានយកចិត្ត ទុកដាក់ និង គិតគូរជានិច្ចចំពោះសុខទុក្ខរបស់កម្មករ កម្មការនី គ្រប់ទីកន្លែង ដោយបានជម្រុញអោយមានការលើកកម្ពស់ជីវភាព តម្លើងប្រាក់ខែគោល ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និង ការធានរ៉ាប់រងសុខភាពពេលគ្រោះថ្នាក់ការងារ ។
ក្នុងឱកាសនោះ លោកឧកញ្ញ៉ា កុយ សុវណ្ណ និង លោកជំទាវតុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត បានផ្តល់អំណោយដល់កម្មករ កម្មការនី ទាំង២៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន៦ម៉ឺនរៀល មី១កេះ ត្រីខ ទឹកដោះគោឆៅ ស្កស ផងដែរ ។
គួរបញ្ជាក់ថា កម្មករកម្មការនីចំនួន២៩នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបន្ទាប់ពីមានរថយន្តនីសាន់ដឹកអូសទៅបុករថយន្តដឹកម្មករហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកនៅតាមបណ្តោយផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៧ក្នុងភូមិចំការស្វាយឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកសាមគ្គីមានជ័យបានអោយដឹងថានៅមុនពេលកើតហេតុមានរថយន្តនីសាន់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ២T-៦២២៤ដឹកអូសធ្វើដំណើរធ្វើដំណើរពីជើងទៅត្បូងនៅពេលដល់ចំណុចកើតហេតុបានបើកជែងរឺម៉កមួយគ្រឿងដែលនៅពីមុខក៍បានជ្រុលទៅបុករថយន្តដឹកកម្មករមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ២G-៧៩១៦ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹងបណ្តាលអោយកម្មករកម្មការនីដែលជិះនៅលើរថយន្តនោះខ្លះខ្ទាតធ្លាក់មកដីរងរបួស២៩នាក់ក្នុងនោះរបួសធ្ងន់ចំនួន៤នាក់ដឹកយកទៅសង្រ្គោះនៅភ្នំពេញចំណែកអ្នករងរបួសស្រាលបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពនិងមន្ទីរបង្អែកស្រុកកម្មករកម្មការនីដែលជិះនៅលើរថយន្តនេះបម្រើការងារនៅរោងចក្រឡុងលីដនិងរោងចក្រខេនស្ព័តស៊ូ ៕ ចន្ថា