ខេត្តកំពង់ធំ៖ មនុស្សប្រុស ស្រី ក្មេង ចាស់ជិត២០នាក់បានរងរបួសធ្ងន់ និងស្រាល ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះភ្លាមៗផងដែរ បន្ទាប់ពីអ្នកបើកបររថយន្តងងុយដេក រេចង្កូតរថយន្តទៅបុកបង្កាន់ដៃស្ពានព្រៃប្រស់ ។
សមត្ថកិច្ចខេត្តកំពង់ធំបានថ្លែងថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ២២ និង ៤០ នាទី ស្ថិតនៅលើផ្លូវជាតិលេខ៦ ចំណុចស្ពានព្រៃប្រស់ ចន្លោះគីឡូម៉ែត្រលេខ ១៨១-១៨២ ភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ប្រភពបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្ត ម៉ាក សាំយ៉ុង ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AI-5163 បើកបរដោយឈ្មោះ ឃុន ប៉ន ភេទប្រុស អាយុ ៤៤ ឆ្នាំ(រងរបួសធ្ងន់) ស្នាក់នៅភូមិ ទួលជ្រៃ ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បានបុកបង្កាន់ដៃក្បាលស្ពានព្រៃប្រស់ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តរបួសធ្ងន់២នាក់ និងរបួលស្រាល១៥នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ ។
សមត្ថកិច្ចអះអាងថា ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារមូលហេតុ អ្នកបើកបរងងុយគេង ។ សមត្ថកិច្ចជំនាញវាស់វែងទីតាំងកើតហេតុ ប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីដោះស្រាយតាមក្រោយ ៕