ខេត្តឧត្តរមានជ័យ៖ ព្រះសង្ឃចំនួន១៧អង្គ គង់នៅក្នុងវត្តស្រែល្អ ស្ថិតនៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ បានពុលភេសជ្ជៈនាពេលល្ងាច ត្រូវបានសមត្ថកិច្ច អាជ្ញាធរ និងក្រុមគ្រូពេទ្យស្រុកត្រពាំងប្រាសាទ ជួយទាន់ពេល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។
នគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងបានសន្និដ្ឋានបឋមថា ជាការពុលតែគុជ ។ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុក បានដឹកបញ្ជូនព្រះសង្ឃខាងលើ ទៅកាន់មន្ទីរបង្អែកស្រុក ដើម្បីជួយសង្គ្រោះ។
ប្រធានមណ្ឌលសុខភាពស្រុកត្រពាំងប្រាសាទ លោក សឿង ម៉ៅ អះអាងថា ករណីនេះកើតឡើងដោយសារតែព្រះសង្ឃឆាន់នៅតែគុជ នាពេលល្ងាចវេលាម៉ោង៤និង៣០នាទី លុះវេលាម៉ោង ប្រមាណជា៧យប់ ទើបមានអាការៈ ទន់ដៃ ទន់ជើង និងក្អួត រាគ តែម្តង។ អាការៈបែបនេះ ជាករណីនេះ អាចមកពីស្កសរក៏ថាបាន តែព្រះសង្ឃបានមានដីកាប្រាប់ក្រុមគ្រូពេទ្យថា ព្រះអង្គបានឆាន់តែតែគុជប៉ុណ្ណោះ ។ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ព្រះសង្ឃខាងលើនេះត្រូវដឹកបញ្ជូន ទៅកាន់វត្តអារាមវិញហើយ ៕