ភ្នំពេញ៖ បុរសជាសន្តិសុខ នៅក្រុមហ៊ុន CISS ម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ ដោយធ្វើទារុណកម្មផ្លូវភេទ ចាប់ចងដៃ ចងជើង ហើយប្រើឡាមវះកាត់ខោខាងក្នុង តែមិនបានសម្រេច ក្រោយពីក្មេងស្រីរងគ្រោះស្រែកឲ្យគេជួយទាន់។
ហេតុការណ៍នេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ហើយជនសង្ស័យរត់គេចខ្លួនតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិសែនជ័យ តាមចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។
ជនសង្ស័យមានឈ្មោះ នី សត្យា អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិសង្កាត់ចោមចៅមុខរបរជា សន្តិសុខក្រុមហ៊ុន CISS ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ស ណ អាយុ១៧ឆ្នាំ ។
បើតាមលោកអធិការ កាលពីថ្ងៃ១៦ ឈានចូលថ្ងៃ១៧ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចសម្ភារ នៅក្នុងផ្ទះជនរងគ្រោះ ប៉ុន្តែពេលចូលធ្វើសកម្មភាពនោះ ស្រាប់តែឃើញក្មេងស្រីរងគ្រោះស្អាត ក៏ទៅចាប់ចងដៃ ចងជើង ហើយយកឡាមវះខោក្នុង ប៉ងចាប់រំលោភ។ ភ្លាមៗនោះក្មេងស្រីរងគ្រោះ បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្តាយ របស់ពួកគេ ទើបជនសង្ស័យរត់គេចខ្លួនតែម្តង។
ក្រោយមានករណីនេះកើតឡើង ខាងភាគីរងគ្រោះបានទូរស័ព្ទទៅលោកផ្ទាល់ ហើយលោកក៏បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវរហូតចាប់ខ្លួនបានតែម្តង។យ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុន សន្តិសុខខាងលើ បានចេញមកបញ្ជាក់ថា ជនសង្ស័យមិនមែនជាបុគ្គលិករបស់ក្រុមហ៊ុននោះទេ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ សុខាសែនជ័យ