ខេត្តកំពង់ឆ្នាំង ៖ បទល្មើសជាច្រើនកន្លែង នៅឃុំប្រឡាយមាស ស្រុកកំពង់លែង ត្រូវបាន កម្លាំងចម្រុះ បានចុះទៅកាប់បំផ្លាញចោល ខណៈដែលបទលើ្មសនេសាទនៅមូលដ្ឋានកំពុងតែបំផ្លាញធនធានជលយ៉ាងក្រាស់ក្រែល ។ កិច្ចប្រតិបត្តិការនេះត្រូវបានដឹកនាំ ដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចកោះទន្លា និង ចំណុចអូច្រវ៉ាក់ ។
ក្នុងប្រតិបត្តិការនេះគឺបានកាប់បំផ្លាញចោលរបាំងសាច់អួនប្រវែង១៨០០ម៉ែត្រ លបលូចំនួន៣៥គ្រឿង និង បង្គោល៩០០ដើម ផងដែ ។ ការបង្រ្កាបបទល្មើសនេសាទជាបន្តបន្ទាប់នៅក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំងនេះ គឺបន្ទាប់ពីរាជរដ្ឋាភិលចេញនូវបទបញ្ជាមួយអោយលុបបំបាត់ និង ទប់ស្កាត់នូវជំងឺរ៉ាំរ៉ៃ នៃបទល្មើសនេសាទ ដែលកើតឡើងជាហូរហែនាពេលកន្លងមក ។
មហាជនមួយចំនួនបានរិះគន់ថា បទល្មើសនេសាទដែលកម្លាំងចម្រុះចុះបង្ក្រាប នោះគឺហាក់បីដូចជាមិនធម្មតានោះទេ មានទំហំធំ ដែលគេសឹងមិនជឿថា កន្លងមកសមត្ថកិច្ច មន្រ្តីជំនាញ មើលមិនឃើញពីបញ្ហាអស់ទាំងនេះ ព្រោះថា របាំងសាច់អួនមួយកន្លែងៗរាប់រយម៉ែត្រ ខ្លះជិតមួយគីឡូដី ក៏សឹងតែមានដែរ ហើយបទល្មើសបែបនេះ គេសង្កេតឃើញថា មានរៀងរាល់ឆ្នាំ ហើយកន្លែងដដែលៗទៀតផង ចុះហេតុអីទើប តែពេលនេះ នាំគ្នាចុះកាប់បំផ្លាញចោល ក្រោយពីមានបទបញ្ជារបស់រាជរដ្ឋាភិបាល ។
ប្រភពមួយចំនួនបានបង្ហើបថា បើក្រុមឈ្មួញបទល្មើស មិនស៊ីសង្វាក់គ្នាជាមួយសមត្ថកិច្ច និង មន្រ្តីជំនាញនោះទេ កុំសង្ឃឹមថា អាចបោះបង្គោល និងទាញរបាំងបានអោយសោះនោះ ។
ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់រង់ចាំមើលថា តើចាប់ពីពេលនេះតទៅបទលើ្មសនេសាទ ដែលតែងតែកើតឡើងកន្លែងដដែលៗនោះ វានឹងរាយបាត់ពីក្នុងផ្ទៃទឹក ឬក៍វាផុសឡើងនៅពេលខ្នើតក្រោយដែលត្រីនឹងចាប់ផ្តើមចុះនោះ ៕ ចន្ថា