ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូហុងដាសេ១១០ ពណ៌ខ្មៅ ជិះបញ្ច្រាសទិសដៅចរាចរណ៍ ក៏ត្រូវម៉ូតូហ្ស៊ុយស៊ូគី Nex បើកក្នុងលឿនយ៉ាងលឿនបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ខាងម៉ូតូហ្ស៊ុយស៊ូគី Nex ចំណែកឯខាងម៉ូតូសង់បិចស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចស្ពានទី៣ ប្រហែលជា១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ សំអាត ម៉េងគាង អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅកន្លែងកើតហេតុតែម្តង ។
តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ដែលស្លាប់គាត់ជិះម៉ូតូម៉ាកហុងដាសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS 1728 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីជើងទៅត្បូងរីឯម៉ូតូម្ខាងទៀតម៉ាកហ្ស៊ុយសុគីNex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FS 1778 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង មូលដ្ឋានបង្កឲ្យមានគ្រោះថ្នាក់រហូតឈានទៅដល់ស្លាប់ម្នាក់ខាងម៉ូតូសង់បិច គឺមុនពេលកើតហេតុ គឺមានការដ្ឋានចិនគេបានបិតម្ខាងផ្លូវ ដែលទិសដៅមកពីខេត្តចូលភ្នំពេញចឹង ដែលក៏ខាងម៉ូតូសង់បិច ដែលជិះម៉ូតូម្នាក់ឯង គាត់បើកបញ្ច្រាសទិសដៅ ពេលមកដល់ចំណុចកើតហេតុ ក៏ម៉ូតូហ្ស៊ុយសុគីNex បើកក្នុងល្បឿនយ៉ាងលឿន វ៉ាក់អឺជាមួយម៉ូតូដែលជិះបញ្ច្រាស ក៏បុកគ្នាចំពេញទំហឹងបណ្តាលឲ្យខាងម៉ូតូ Nex រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែកខាងម៉ូតូសង់ប៊ិចវិញ បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯម៉ូតូទាំងសងខាងខ្ទេចអស់ទាំងស្រុង។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះ ដែលនៅជិតកន្លែងកើតហេតុ បានមកដល់ដឹកយកជនរងគ្រោះ ដែលរងរបួសធ្ងន់យកទៅព្យាបាល រីឯម៉ូតូទាំងសងខាងវិញ ត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោគោក ចំណែកឯសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យនៅកន្លែងស្នាក់នៅខាងលើទៅតាមប្រពៃណី ៕ ជ្រោយពេជ្រ