ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះរួមមានមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង កងរាជអាវុធហត្ថស្រុក-ខេត្ត យោធាស្រុក-ខេត្ត បរិស្ថានស្រុក-ខេត្ត សហគមន៍នេសាទ សហការគ្នាចុះបង្រ្កាបបទល្មើសនេសាទទ្រុងទ្រាយធំជាលើកទី២នៅស្រុកក្រគរ បន្ទាប់ពីឧទ្ធម្ភាគចក្រហោះហើរក្រឡឹងប៉ប្រះៗមាត់ព្រៃនៅបឹងទន្លេសាប ដែលគេសង្ស័យហោះហើថតរូបភាពបទល្មើសនេសាទ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ខណៈដែលចំណុចដដែលនេះត្រូវបានធ្វើការបង្រ្កាបរួចថ្មី ប៉ុន្តែបទល្មើសស្ទើរកើតមានច្រើនលើសដើម។
ប្រតិបត្តិការកម្លាំងចម្រុះសហការគ្នាបង្រ្កាបបទល្មើសនេសាទខាងលើ អនុវត្តឡើងកាលពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៦ នៅបឹងទន្លេសាប ត្រង់ចំណុចខ្ទមលោកតាសង្គ្រាមជ័យ កោះជន្លាក្រាស ក្រឡុកសងក្រង ក្រឡុកទីសំណាប ស្តិតក្នុងឃុំអន្សាចំបក់ ឃុំក្បាលត្រាច ឃុំកំពង់លួង និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពបានឲ្យដឹងថាប្រតិបត្តិការនេះ លទ្ធផលរួមមានរបាំងសាច់អួន(ប)ប្រវែងចំនួន ៤.០០០ម៉ែត្រ ក្បាល(ប)ចំនួន ០៧គ្រឿង លូកងសាច់អួនចំនួន ០៨មាត់ ស្មើរនឹងចំនួន ១៣ខ្សែ បង្គោលចំនួន ៤៩៥ដើម និងចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មទម្ងន់ចំនួន ១៤០គីឡូក្រាម។ ប្រភពដដែលបន្តទៀតថាលទ្ធផលជាវត្ថុតាងដែលកំលាំងធ្វើការបង្រ្កាបខាងលើមួយចំនួនបំផ្លាញចោលនៅនឹងកន្លែង និងមួយចំនួនទៀតត្រូវបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលក្រគរ ដោយឡែកកម្លាំងសន្យានៅតែសហការគ្នាចុះអនុវត្តន៍បន្ត។
គួររំលឹកផងដែរថា ចំណុចខាងលើកម្លាំងចម្រុះប្រមាណជិត១០០នាក់ ដឹកនាំដោយលោកអភិបាលរងខេត្តពោធិ៍សាត់ ចុះបង្រ្កាបរយៈពេលបីថ្ងៃគឺថ្ងៃទី៦-៧-៨ ខែធ្នូ ឆ្នាំ២០០៦ នាពេលកន្លងទៅថ្មីៗនោះ។
ករណីខាងលើរងការរិះគន់ពីសំណាក់មហាជនថា កាបង្ក្រាបបទល្មើសនេសាទជាលើកទី២ខាងលើនេះ ត្រូវបានគេសង្ស័យដោយសារខ្លាចអំណាចឧទ្ធម្ភាគចក្រហោះហើរក្រឡឹងប៉ប្រះៗព្រៃ ដើម្បីថតរូបភាពបទល្មើសនេសាទដែលជាចំណុចទើបបង្រ្កាបរួចថ្មីៗ ប៉ុន្តែត្រូវបានគេមើលឃើញកើតមានច្រើនលើសលប់ ៕ ប៉ឹម ពិន