ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកម៉ូតូ និងដើមឈើក្រឡាប់ផ្ងារកង់ទ្រមេឃ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំ បើករថយន្តម៉ាហាយឡែនឌ័របោះពួយជ្រុលទៅបុកម៉ូតូ និងដើមឈើ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ ។ ចំណែកឯមនុស្ស៤នាក់ជាបងប្អូនបង្កើតនឹងគ្នាជិះលើម៉ូតូរងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកបររថយន្តក្នុងស្ថានភាពស្រវឹងនេះ បានកើតឡើង កាលពីវេលាម៉ោង២០ និង៤០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប្រភពពីមន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា រថយន្តបង្កម៉ាកតូយូតាហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AK-8360 បើកបរដោយឈ្មោះ ជួន ស្រួន ភេទប្រុស អាយុ៤០ឆ្នាំ មាននៅភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។ ចំណែកឯម៉ូតូម៉ាកហុងដាគុប ធុនសេ៥០ ពណ៌ស្ក ពាក់ស្លាកលេខប.3326-ភព1 បើកបរដោយឈ្មោះ ប៉ែន សុខជា ភេទប្រុស អាយុ២៧ឆ្នាំ និងអ្នករួមដំណើរ៣នាក់ ទី១-ឈ្មោះ ប៉ែន សេងណាំ ភេទប្រុស អាយុ៩ឆ្នាំ ទី២-ឈ្មោះ ប៉ែន ប៊ុនណា ភេទប្រុស អាយុ៦ឆ្នាំ និងទី៣-ឈ្មោះ ប៉ែន យូអ៊ី ភេទស្រី អាយុ៣ឆ្នាំ ។ ទាំង៤នាក់នេះត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅក្នុងភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប្រភពដដែលបានបន្តថា អ្នកបើកបររថយន្តខាងលើនេះ មានសភាពស្រវឹងស្រាជោកជាំ ហើយបានបើកបររថយន្តតាមបណ្តោយផ្លូវលេខ៣៨០ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកដល់ចំណុចកើតហេតុទំនងជាបាត់បង់ម្ចាស់ការទើបបណ្តាលឲ្យជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះកំពុងជិះនៅខាងមុខពេញមួយទំហឹង បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវ ។ រថយន្តបង្កនៅតែមកអស់ល្បឿនបានជ្រុលទៅបុកដើមឈើក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងាជើងទ្រមេឃតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនរួមជាមួយវត្ថុតាងមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

ase-9 ase ase-1 ase-2 ase-3 ase-4 ase-5 ase-6 ase-7 ase-8


ចែករំលែក៖