ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្ដស្តារិច ជែងរថយន្ដដឹកដី ហើយស្ទាក់ខាងមុខរថយន្ដដឹកដី ក៏ត្រូវរថយន្ដដឹកដីបុកពីក្រោយបណ្ដាលអោយខូចខាតរថយន្ដបន្តិចបន្ទួច ប៉ុន្តែរឿងដែលចម្លែកគឺខាងម្ចាស់រថយន្ដស្តារិចបែជាចុះពីលើរថយន្ដហើយវាយបំបែកស្តុបរថយន្ដរបស់ខ្លួនអោយបែកហើយទាមទារអោយម្ចាស់រថយន្ដដឹកដីសងថ្លៃការខូចខាតទៅវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៥១៦កែងនឹងផ្លូវលេខ២៨១ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដបែនដឹកដី ពាក់ស្លាកលេខ ភ្នំពេញ3A-8437 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១៦ទិសដៅពីជើងទៅត្បូងពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដម៉ាក ស្តារិច ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM-0210 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានវ៉ារថយន្ដដឹកដីហើយជាន់ហ្វ្រាំងបង្ខំឈប់ខាងមុខរថយន្ដដឹកដីបណ្ដាលអោយរថយន្ដដឹកដីជាន់ហ្វ្រាំងមិនទាន់បុករថយន្ដស្តារិចពីក្រោយរងការខូចខាតបន្តិបន្ទួច។
ប្រភពបានបន្តថា ក្រោយពីកើតហេតុម្ចាស់រថយន្ដបានចុះពីរថយន្ដទាំងស្ថានភាពស្រវឹង ហើយដើរមកវាយបំបែកស្តុបរថយន្ដរបស់ខ្លួនថែមទៀតហើទាមទាឲ្យខាងភាគីរថយន្តដឹកដីចេញសងថ្លៃខូចខាតទៅវិញ។
បើតាមសម្ដីរបស់ម្ចាស់រថយន្ដដឹកដីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរូបគាត់បើករថយន្ដតាមបណ្ដោយផ្លូវលេខ៧០ទិសដៅពីកើតទៅលិចពេលមកដល់ចំណុចកែងផ្លូវR6 ក៏វ៉ាក់ជាមួយរថយន្ដខាងលើតែមិនបានប៉ះគ្នានោះទេ ហើយគាត់ក៏បើករថយន្ដបន្តទៅមុខទៀត ស្រាប់មកដល់កន្លែងកើតហេតុរថយន្ដខាងលើបានជែងរថយន្ដរបស់គាត់ហើយជាន់ហ្វ្រាំងបង្ខំឈប់នៅខាងមុខ ទើបគាត់ជាន់ហ្វ្រាំងមិនទាន់ ក៏បុកតែម្ដង។
ក្រោយពីកើតហេតុ ដោយភាគីទាំងសងខាងនិយាយមិនត្រូវគ្នា ទើបសមត្ថកិច្ចវាស់វែងយករថយន្ដទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ព្រែកជ័យ