ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្តីកាប់បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមខណៈឡើងទៅដេកជាមួយអតីតប្រពន្ធទើបលែងលះ

ចែករំលែក៖

ខេត្តកំពត៖ បុរសម្នាក់ត្រូវបានបុរសម្នាក់ទៀតដេញកាប់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ដោយគេសង្ស័យថាជនដៃដល់ប្រច័ណ្ឌអតីតប្រពន្ធដែលទើបនឹងលែងលះថ្មីៗ ហើយជនរងគ្រោះទៅទាក់ទង។

តាមមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសដែលត្រូវបុរសម្នាក់ទៀតកាប់ស្លាប់ឈ្មោះ សៅ ចន្ថន់ ហៅខូយ អាយុ៤៨ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុ រីឯជនសង្ស័យក្រោយពីសម្លាប់ជនរងគ្រោះបានរត់គេចខ្លួនគេស្គាល់ឈ្មោះ ជ័យ ប៊ុនធឿន អាយុ៣៨ឆ្នាំ។ រីឯស្រ្តីអតីតជាប្រពន្ធជនដៃដល់ឈ្មោះ កែវ ច្រាន់ អាយុ៤០ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិ-ឃុំកើតហេតុ។

មន្រ្តីដដែលបានបញ្ជាក់ថា ជនរងគ្រោះត្រូវជនដៃដល់ប្រើពូថៅកាប់ជាច្រើនកន្លែងបណ្តាលឲ្យស្លាប់នៅចម្ងាយពីផ្ទះអតីតប្រពន្ធជនសង្ស័យប្រហែល៤០ម៉ែត្រ។

តាមអ្នកភូមិបានរំលឹកថា ជនដៃដល់កន្លងទៅបានទំនាក់ទំនងស្រលាញ់ស្រ្តីមេម៉ាយមានកូន៥នាក់ក្នុងភូមិកើតហេតុ ប៉ុន្តែការរស់នៅជាមួយគ្នាមិនមានកូននោះទេ។ លុះក្រោយមក ជនដៃដល់បានបែកគំនិតមានស្រ្តីថ្មីម្នាក់ទៀត ទើបឈានដល់មានការចែកផ្លូវជាមួយនឹងស្រ្តីមេម៉ាយកូន៥ទើបបានរយៈពេលប្រមាណជា២ខែប៉ុណ្ណោះ។

អ្នកភូមិបានបន្តថា ក្នុងរយៈពេលដែលជនដៃដល់លែងលះនេះដែរ បុរសជាជនរងគ្រោះបានចូលមកស្និតស្នាលជាមួយនឹងស្រ្តីមេម៉ាយកូន៥នេះ ប៉ុន្តែគេពុំដឹងថាការសុីជម្រៅស្នេហាជាមួយស្រ្តីមេម៉ាយអតីតប្រពន្ធជនដៃដល់ក្នុងកម្រិតណានុះទេ។ ជារឿយៗ ជនរងគ្រោះតែងតែមកផ្ទះអតីតប្រពន្ធជនដៃដល់ និងជួយលើកដាក់ស្រូវ អង្ករជាដើម។ ក៏ប៉ុន្តែ នៅមុនពេលកើតហេតុពីប្រលប់ គេឃើញជនរងគ្រោះដេកនៅផ្ទះស្រ្តីមេម៉ាយអតីតប្រពន្ធជនដៃដល់រូបនេះ ហើយក៏ត្រូវជនដៃដល់ដេញកាប់ស្លាប់តែម្តង។

បើតាមប្រភពឲ្យដឹងទៀតថា ជនដៃដល់ជាមនុស្សមិនសូវនៅជាប់លាប់ក្នុងភូមិនោះទេ ហើយកាលពេលរស់នៅជាមួយស្រ្តីមេម៉ាយកូន៥នេះ គឺជនរូបនេះបានប្រកបមុខរបរឡើងភ្នំកាប់ឈើ និងរកខ្លឹមច័ន្ទ ហើយមួយរយៈដែលជនដៃដល់លែងលះជាមួយប្រពន្ធ គេបានចេញពីភូមិបាត់ជិត២ខែមកហើយ ហើយនៅពេលត្រឡប់មកវិញក៏មានករណីខាងលើនេះកើតឡើងតែម្តង។

អ្នកភូមិបានឲ្យដឹងដែរថា ជនដៃដល់ និងស្រ្តីមេម៉ាយកូន៥មិនមានអាពាហ៏ពិពាហ៏ធំដុំនោះទេ គឺពេលពួកគេស្រលាញ់គ្នា គ្រាន់តែសែនព្រេនដោយរស់នៅជាមួយគ្នាបានប្រមាណជិត១ឆ្នាំប៉ុណ្ណោះ ហើយក៏ចែកផ្លូវគ្នាវិញនៅគ្រាដែលស្រ្តីមេម៉ាយកូន៥អតីតប្រពន្ធជនដៃដល់ដឹងថាជនដៃដល់លួចមានស្រ្តីថ្មី។

បើតាមមន្រ្តីនគរបាលស្រុកសន្និដ្ឋានថា កាលដែលជនដៃដល់កាប់សម្លាប់ជនរងគ្រោះ ព្រោះតែរឿងប្រច័ណ្ឌ ហើយក្រោយពីធ្វើសកម្មភាព ជនដៃដល់បានរត់គេចខ្លួន ហើយពេលនេះសមត្ថកិច្ចបាននឹងកំពង់តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៨ ខែធ្នូថា ករណីឃាតកម្មខាងលើនេះផ្តើមចេញពីរឿងស្នេហាត្រីកោណ ហើយពេលនេះសមត្ថកិច្ចបាននឹងកំពុងតាមចាប់ខ្លួនជនដៃដល់។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីក្រោយពីសមត្ថកិច្ចបានពិនិត្យ និងធ្មវើកោសវិកច័យត្រូវជនដៃដល់កាប់ជាច្រើនពូថៅ រីឯស្រ្តីអតីតប្រពន្ធជនដៃដល់ សមត្ថកិច្ចបានឃាត់ដើម្បីសួរនាំក្នុងករណីអំពើឃាតកម្មខាងលើនេះ៕ លី ហ៊ាង

3 1 2


ចែករំលែក៖