ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ការប្រកាសប្រកួតប្រជែងអាវុធបរមាណូរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់

ចែករំលែក៖

ប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញជំហរនយោបាយអន្តរជាតិ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយបានអះអាងថា លោកនឹងបង្កើតឱ្យមានការប្រជែង សព្វាវុធនុយក្លេអ៊ែរ ហើយសហរដ្ឋអាមេរិក មិនខ្លាចនឹងធ្វើការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងទៀតឡើយ។ ជាជំហរ ផ្ទុយស្រឡះពីលោក អូបាម៉ា ដែលបាន ប្រកាសកាលពីឆ្នាំ២០០៩ អំពាវនាវឱ្យពិភព លោកគ្មានអាវុធនុយក្លែអ៊ែរ។

ក្នុងសេចក្តីថ្លែងការណ៍ពីរដាច់ពីគ្នា តាមប្រព័ន្ធសង្គម Twitter និងតាមទូរស័ព្ទ លោក ដូណាល់ ត្រាំ បានប្រកាសត្រៀម ខ្លួនជាស្រេចនឹងបិទបញ្ចប់នយោបាយមិនរីកសាយភាយនុយក្លេអ៊ែររាប់ទសវត្សរ៍ របស់អាមេរិកដូចជាការកាត់បន្ថយភាព សំខាន់កាត់បន្ថយបរិមាណ និងយុទ្ធសាស្ត្រ ដែលរដ្ឋាភិបាលអាមេរិកមុនៗមិនថា រដ្ឋា ភិបាលប្រជាធិបតេយ្យឬសាធារណរដ្ឋ ប្រកាន់យក។ បន្ទាប់ពីសារ Twitter សហ រដ្ឋអាមេរិកត្រូវតែពង្រឹងពង្រីក និងបង្កើន សមត្ថភាពនុយក្លេអ៊ែរលោកប្រធានាធិបតីទើបជាប់ឆ្នោតថ្មីបានថ្លែងបញ្ជាក់ទៅកាន់អ្នកកាសែតទូរទស្សន៍ MSNBC ថា អាមេ រិកត្រូវតែបង្កើតឲ្យមានការប្រកួតប្រជែងសព្វាវុធនុយក្លេអ៊ែរ។

ការប្រកួតប្រជែងអាវុធ និងអំណាចគ្រប់ គ្រងពិភពលោករបស់ប្រទេសមហាអំណាច ពិភពលោកដូចជារុស្ស៊ី ចិន អាមេរិក នឹងធ្វើ ឲ្យពិភពលោកធ្លាក់ក្នុងសភាពគ្រោះថ្នាក់។

តាមសារព័ត៌មាន The Atlantic របស់ អាមេរិកបានផ្សាយថា ប្រការដែលចិន ពង្រីកអំណាចនៅសមុទ្រចិនខាងត្បូងត្រូវបានព្យាករជាយូរណាស់មកហើយ។ ក្រុម អ្នកវិភាគបញ្ជាក់ថា សង្គ្រាមត្រជាក់ថ្មីដែលលេចធ្លោរបស់ចិនកំពុងតែជំរុញអាមេរិក ឲ្យចាកចេញពីសមុទ្រប៉ាស៊ីហ្វិកគឺជារឿងមិនអាចបញ្ចៀសបាន។

នៅក្នុងកំពង់ផែដែលតែងតែស្ងប់ស្ងាត់នៅឆ្នេរសមុទ្រ Palawan ជាប្រជុំកោះស្ថិតនៅតំបន់ភាគខាងលិចហ្វុីលីពីនមាននាវា ចេញចូលជាច្រើនគ្រឿងនៅចម្ងាយពីឆ្នេរ សមុទ្រនេះប្រមាណ៣០គីឡូម៉ែត្រគឺជា កន្លែងប្រជែងគ្នាប្រកបដោយគ្រោះថ្នាក់ ដែលចាប់ផ្តើមឡើងដោយប្រទេសចិនបាន គូសផែនទីថ្មីដើម្បីគ្រប់គ្រងទៅលើតំបន់ជាច្រើននៅទីនោះ។ ក្នុងនោះមានគំនូស បន្ទាត់៩កំណាត់ដែលតុលាការអន្តរជាតិបានច្រានចោលមិនទទួលស្គាល់កន្លងមក។ បន្ទាត់ផ្លូវដែលចិនបានកំណត់គឺគ្របដណ្តប់ លើផ្លូវសេដ្ឋកិច្ចពិភពលោករហូតដល់ទៅ ៤០ភាគរយ។

សារព័ត៌មាន Atlantic បានវាយតម្លៃថា ប្រការដែលចិនពង្រីកអំណាចនិងវាតទីគ្រប់ គ្រងសមុទ្រចិនភាគខាងត្បូងនោះដោយសារតែទីនោះជាកន្លែងដែលសម្បូរទៅដោយ ធនធានធម្មជាតិរ៉ែគ្រប់ប្រភេទនៅបាត សមុទ្រដែលប្រទេសតូចៗក្នុងតំបន់មិន ទាន់មានសមត្ថភាពខួងយក។ មួយវិញទៀតការណ៍ដែលចិនគ្រប់គ្រងបានតំបន់សមុទ្រខាងលើ ព្រោះជាទីលានមួយដ៏រឹង មាំសម្រាប់ទប់ស្កាត់អាមេរិកមិនឲ្យចូល មកទីនេះបាន។

អាវុធគ្រប់ប្រភេទដែលចិនបានបង្ហាញជាសាធារណៈនាពេលកន្លងមកជាអាវុធ ការពាររយៈចម្ងាយឆ្ងាយមធ្យមអាចវាយប្រហារទៅលើគោលដៅនៅចម្ងាយ១.៥០០ គីឡូម៉ែត្រពេលនេះបានដាក់ពង្រាយគំរាម កំហែងដល់អាមេរិកឲ្យដកខ្លួនចេញពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។

ជាមួយគ្នានេះក្រុមអ្នកឯកទេសចិនបាន បញ្ជាក់ថា កម្លាំងទាហានចិនបានត្រៀម លក្ខណៈរួចជាស្រេចដើម្បីធ្វើសង្គ្រាមជា មួយអាមេរិកក្នុងពេលដែលអាមេរិកលូក ដៃកាន់តែជ្រៅចូលក្នុងវិវាទធ្វើឲ្យចិនបាត់បង់ផលប្រយោជន៍ជាច្រើន។

ទូរទស្សន៍ CCTV បានផ្សព្វផ្សាយពីកាំជ្រួចមីស៊ីលប្រភេទ DF-16 ដែលអាចបាញ់ បានចម្ងាយរហូតដល់ទៅ១ម៉ឺនគីឡូម៉ែត្រអាចវាយប្រហារទៅលើទីតាំងនានារបស់ អាមេរិក។ មីស៊ីលខាងលើក៏បានបំពាក់ ក្បាលគ្រាប់បរមាណូផងដែរ។

ក្រៅពីនេះចិនបានបង្ហាញមីស៊ីល DF -21 ដែលមានរហស្សនាមថា «អ្នកពិឃាត នាវាផ្ទុកយន្តហោះ» សម្រាប់វាយប្រហារទៅលើនាវាផ្ទុកយន្តហោះអាមេរិកដែល កំពុងតែឈរជើងនោះ។

កន្លងមកចិនបានព្រមានដល់អាមេរិក ថា រាល់នាវារបស់អាមេរិកនៅសមុទ្រចិនភាគខាងត្បូងនឹងមិនមានផ្លូវវិលត្រឡប់ ថយក្រោយវិញឡើយប្រសិនបើផ្ទុះសង្គ្រាម នៅទីនេះមែននោះ។

កន្លងមកអាមេរិកពិបាកជ្រៀតជ្រែកចូល ក្នុងវិវាទរវាងចិននឹងប្រទេសនៅក្នុងតំបន់ ប៉ុន្តែពេលនេះអាមេរិកមានហេតុផលគ្រប់គ្រាន់ដើម្បីដាក់គំនាបទៅលើចិនដោយពឹង ផ្អែកទៅលើច្បាប់តុលាការដែលបានចេញហើយនោះ។

តែទោះយ៉ាងណាពេលនេះចិនបានច្រានចោលសេចក្តីសម្រេចរបស់តុលាការ អាជ្ញាកណ្តាលដោយចិននៅតែបន្តសកម្ម ភាពនៅសមុទ្រចិនខាងត្បូងដដែល។ មិនត្រឹមតែប៉ុណ្ណោះចិនក៏បានស្នើដល់ប្រទេសជិតខាងមិនត្រូវលូកដៃចូលក្នុងវិវាទទាំងនោះឡើយ។ ការណ៍ដែលចិនមានសកម្មភាពបែបនេះដោយសារតែចិនមានកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើនដើម្បី ពង្រឹងអំណាចនៅក្នុងតំបន់។

រយៈពេលជាង៣ទសវត្សរ៍កន្លងមក ចិនបានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និងយោធា ហើយបានលាក់ខ្លួនរង់ចាំឱកាស ពេលនេះចិនបានបង្ហាញពីកម្លាំងនយោ បាយយោធារបស់ខ្លួននៅក្នុងតំបន់ និង នៅលើពិភពលោកទាំងមូល។ ប៉ុន្មានឆ្នាំ ចុងក្រោយនេះចិនបានពង្រីកឥទ្ធិពលនៅទ្វីបអាហ្វ្រិកដោយផ្ដល់ជំនួយជាច្រើននៅទីនោះ។ លើសពីនេះទៅទៀតមេដឹកនាំ ចិនតាំងពីប្រធានាធិបតី ហូ៊ជីន តាវ រហូត ដល់ប្រធានាធិបតី ស៊ី ជីនពីង ក៏បានបំពេញ ទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិកក្នុងគោលដៅពង្រឹងទំនាក់ទំនងចិន-អាហ្វ្រិកឱ្យកាន់តែមានសភាពល្អប្រសើរឡើងដែរ។

នៅក្នុងតំបន់អាស៊ីវិញចិនបានពង្រីក អំណាចបញ្ចេញកម្លាំងយោធាគំរាមកំហែង ដល់ប្រទេសជិតខាង ពិសេសការប្រកាស គ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង រហូតដល់ទៅ៩០ភាគរយគ្របដណ្ដប់លើ ដែនអធិបតេយ្យប្រទេសជាច្រើនបង្កឱ្យ មានជម្លោះកាន់តែតានតឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ តំបន់សមុទ្រចិនភាគខាងត្បូងជាទីតាំងផ្ទុកទៅដោយប្រេងធម្មជាតិរាប់ពាន់លានធុងនិងប្រជុំកោះជាច្រើនគ្មាន មនុស្សរស់នៅជាហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀមទៀតបានឡើយ។ ដោយខ្លាច បាត់បង់តំបន់នោះចិនក៏បានប្រើប្រាស់ កម្លាំងយោធាដើម្បីទៅគ្រប់គ្រងទីតាំង ទាំងនោះតែម្តង។

កាលពីពេលកន្លងទៅទីប្រឹក្សាសន្ដិ សុខជាតិអាមេរិកលោកស្រី ស៊ូសាន់ រ៉ាយ បានព្រមានថា ចិននឹងនៅឯកោដោយសារ តែបង្កជម្លោះជំរុញឱ្យមានភាពតានតឹង ជាមួយវៀតណាមនៅដែនសមុទ្រចិនភាគ ខាងត្បូង ពិសេសក្រោយពេលដែលចិន បញ្ជូនស្ថានីយរុករកប្រេងចូលទៅក្នុងដែនអធិបតេយ្យសមុទ្ររបស់វៀតណាម។ មិន ត្រឹមតែ ប៉ុណ្ណោះថែមទាំងបុកនាវាវៀត ណាមឱ្យខូចខាតយ៉ាងដំណំទៀតផង៕ ម៉ែវ សាធី

maxresdefault


ចែករំលែក៖