ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​តម្កល់​ទោស​យុវជន​ គង់​ រ៉ៃយ៉ា​ ដាក់​ពន្ធនាគារ​១ឆ្នាំ​៦ខែ​ដដែល​

ចែករំលែក៖

ភ្នំពេញ: លោក សាលី ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ប្រកាសសាលដីកាតម្កល់ការសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺផ្តន្ទាទោសយុវជន គង់ រ៉ៃយ៉ា ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ករណីប្រកាសធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គមហ្វេសប៊ុក ។ យុវជនរូបនេះ នឹងត្រូវរួចខ្លួន រយៈពេល២ខែទៀត ក្រោយអនុវត្តទោសបញ្ចប់ ។

យុវជនឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ រហស្សនាមនៅក្នុងហ្វេសប៊ុក soriya koko ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

យុវជនរូបនេះ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ” តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ ” ។

ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុក ការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម ៕ ចេស្តា

1 2


ចែករំលែក៖