ភ្នំពេញ៖ លោក យី វាសានា អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងថា ក្នុងពិធីបើក សិក្ខាសលា ស្តីពីការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព កម្រិតមូលដ្ឋាន ដល់មន្ត្រី ដែលទើបជាប់ក្របខ័ណ្ឌ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ថា ក្តីប្រាថ្នារបស់គណៈកម្មាធិការជាតិ ប៉ាឡាពិកកម្ពុជា និងខិតខំធ្វើយ៉ាងណា បណ្តុះបណ្តាលធនធានមនុស្សផ្នែកវាយតម្លៃ ប្រភេទពិការកម្រិតខ្ពស់ ឲ្យបានដូចប្រទេសក្នុងតំបន់ប៉ុន្តែយើងត្រូវប្រើពេលប្រហែល៤ទៅ៨ឆ្នាំខាងមុខទៀត។
លោកបានបញ្ជាក់ថា “ខ្ញុំគិតថា យើងមិនអាច កាត់ផ្តាច់បានទេ កិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសក្នុងតំបន់នោះទេ ព្រោះកម្ពុជាយើងពុំទាន់មាន មន្ត្រី វាយតម្លៃកីឡាជនពិការ ដែលជាប់ Qualify នៅឡើយ ចឹងយើងត្រូវ ចំណាយ ពេលពីចន្លោះពេល៤-៨ឆ្នាំដើម្បីបញ្ជូនមន្ត្រីដែលមានសមត្ថភាពផ្នែកវិជ្ជសាស្ត្រកីឡាជនពិការ ទៅសិក្សាជាមួយបណ្តាប្រទេសជាដៃគូ សម្រាជាការបំពេញបន្ថែម ចំណេះ ជំនាញឲ្យពួកគាត់ ក្លាយជាអ្នកវាយតម្លៃកម្រិតបណ្ឌិតជួយក្នុងកិច្ចការវាយតម្លៃកីឡាករពិការក្នុងឋានៈខ្លួនជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣” ។
លោកអគ្គលេខាធិបានបន្ថែមថា ការពង្រឹងសមត្ថភាពបច្ចេកទេសរៀបចំព្រឹត្តការណ៍កីឡាធំៗដល់មន្ត្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ធ្វើឡើងជាអចិន្ត្រយ៍ ព្រោះបច្ចុប្បន្នប៉ារ៉ាឡាពិក កំពុងជួបការខ្វះខាត ធនធាន មន្ត្រីបច្ចេកទេស កម្រិតស្តង់ដារ គួរឲ្យបារម្ភ។ គួរបញ្ជាក់ថា មន្ត្រីទាំង៤៨រូប ដែលទើបជាប់ក្របខណ្ឌជាមន្ត្រីពេញសិទ្ធិ បំរើការនៅគណៈកម្មាធិការជាតិ ប៉ារ៉ាឡាពិកកម្ពុជា នឹងត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ៣ដំណាក់កាលរយៈពេល ៦ខែ ។ ដោយឡែក ដំណាក់កាលទី១នេះ សិក្ខាកាមទាំងអស់ តម្រូវ សិក្សា ពីលក្ខណៈមូលដ្ឋានគ្រឹះ ស្តីពីហេដ្ឋារចនាសម្ព័ន្ធទូទៅនិងរបៀបសិក្សា ស្វែងយល់ពីកីឡាជនពិការ ៕ សារីម