ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ នឹងបុរសម្នាក់បានរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តហាយឡែនឌ័របើ បុកពេញទំហឹងផ្លោងជនងរងគ្រោះ ដែលស្លាប់ចូលទៅប្រឡាយទឹក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិ៣ ទល់មុខក្លោងទ្វារវត្តព្រៃស្ពឺ ស្ថិតក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។
សពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ គន្ធ រិទ្ធីសក្ត័ អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត បង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AK-5234 បើកបរដោយបុរសម្នាក់ស្ថិតក្នុងជាតិស្រវឹងស្រាបើកពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុក ម៉ូតូរងគ្រោះម៉ាកហុងដា ឌ្រីមស៊េរី ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-4290 ជិះដោយបុរស២នាក់ ធ្វើដំណើរតាមផ្លូវជាតិ៣ ពីជើងទៅត្បូង បញ្ច្រាសទិសពេញទំហឹង ប៊ើងម៉ូតូនឹងមនុស្សជាង១០ម៉ែត្រ ដោយមានជនរងគ្រោះម្នាក់ធ្លាក់ចូលប្រឡាយស្លាប់បាត់បង់ជីវិត ម្នាក់ទៀត ខ្ទាតទៅចញ្ចើមផ្លូវ រងរបួសធ្ងន់ ភ្លាមនោះរថយន្តបង្កបានបន្ថែមល្បឿនរត់ពីកន្លែងកើតហេតុ រហូតមកដល់ចំណុចផ្លូវជាតិ៤ខាងលិចរង្វង់មូល ចោមចៅជាង១០០ម៉ែត្រ ហើយសមត្ថកិច្ចដេញឃាត់បានទាំងរថយន្តនឹងអ្នកបើកបរយកមកប៉ុស្តិចោមចៅ ចៀសវាងហិង្សាកើតឡើង។
ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តក្រុមសង្គ្រោះ អង្គភាព៧១១ ដឹកទៅមន្ទីរពេទ្យព្រះកុសុមះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ខណ្ឌសហការជាមួយចរាចរណ៍ក្រុងវាស់វែង នាំយកអ្នកបើកបរជាមួយរថយន្តបង្ក និងម៉ូតូទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយ៕ សុខាសែនជ័យ