ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋរស់នៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានសម្តែងការមិនពេញចិត្តទៅលើក្រុមហ៊ុនដឹកដីរបស់ឈ្មួញឈ្មោះ ទិត្យ ពៅ និង ប៊ុន ពៅ ដែលដឹកដីមានល្បឿនលឿន មិនគ្របឲ្យ បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងនិងមិនស្រោចទឹកទៀតផង បង្កការ លំបាកដល់ពួកគាត់ ពិសេសពេលទទួល ទានអាហារ និងបារម្ភពីសុវត្ថិភាពក្មេងៗជា សិស្សសាលាពេលទៅរៀនម្ដងៗ ។
ប្រជាពលរដ្ឋបានត្អូញត្អែរថា ពេលក្រុម រថយន្តដឹកដីទាំងនោះ បើកម្ដងៗហុយនោះ ហុយធ្វើឲ្យពួកគាត់ពិបាកទទួលបានអាហារ ណាស់ ហើយទាល់តែពួកគាត់ស្រែកជេរ ដល់តៃកុងរថយន្តទើបឃើញដឹកទឹកមកស្រោចមួយៗ ហើយក៏បាត់ទៅវិញ ដែលនេះជាទង្វើផ្ទុយពីសារាចរណែនាំរបស់ក្រសួងរ៉ែ និងថាមពល ដែលបញ្ជាឲ្យក្រុម ហ៊ុនដឹកដីគោរពតាមច្បាប់រ៉ែ តែធាតុពិត ក្រុមអ្នកបើករថយន្តអស់នោះមិនខ្វល់ពីទុក្ខ កង្វល់របស់ពលរដ្ឋនោះឡើយ ។
ប្រជាពលរដ្ឋស្នើដល់មន្ត្រីជំនាញ និង អភិបាលខេត្តកណ្ដាល មេត្តាពិនិត្យមើល និងដោះស្រាយពីបញ្ហាទុក្ខលំបាករបស់ ពួកគាត់ផង ។
លោក គង់ ឆេង មេឃុំគគីរ មិនអាចសុំ ការពន្យល់បានឡើយ ព្រោះលោកថាកំពុងជាប់បើកឡានមិនអាចនិយាយវែងឆ្ងាយ បានទេ ហើយលោកក៏បានបិទទូរស័ព្ទទៅ ។ រីឯលោក អ៊ូ ឈៀង អភិបាលស្រុកកៀនស្វាយបានឆ្លើយតបសំណួររបស់អ្នកយក ព័ត៌មានថា លោកក៏ធ្លាប់ព្រមានដល់ក្រុមម្ចាស់អាជីវកម្មជីកដីហើយដែរ បើសិន ជាករណីបង្កបញ្ហានៅតែដដែលមិន គោរពតាមសារាចរណែនាំទេនោះ លោកនឹងបញ្ជាឲ្យបិទអាជីវកម្មនេះតែម្តង ។
ចំណែកលោក ចក់ គង់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាលបាននិយាយថា លោកនឹងចុះទៅពិនិត្យមើលបញ្ហានេះ និងសាកសួរទៅ អាជ្ញាធរស្រុកកៀនស្វាយ ផងដែរ ។ ចំពោះម្ចាស់អាជីវកម្មជីកដី ឈ្មោះ ប៊ុន ពៅ មិននិយាយអ្វីជាមួយអ្នកសារព័ត៌មាននោះទេ តែទុកឲ្យប្រពន្ធគាត់ដែលសុំមិនបញ្ចេញឈ្មោះនិយាយប្រាប់ អ្នកយកព័ត៌មានថា ពួកគាត់រត់ការច្បាប់ ដល់ខេត្ត តែពុំទាន់ធ្លាក់អាជ្ញាប័ណ្ណនៅ ឡើយទេ ហើយខ្លួនពុំសូវបានដឹកនោះទេ ទើបតែដឹកបាន១៥០ឡានប៉ុណ្ណោះ ហើយ ក៏បានបង់លុយជូនភូមិ ឃុំ ៥០សេន (ដុល្លារ)ក្នុងមួយជើងថែមទៀតផង ។ អ្នកស្រី ចោទថា រថយន្តរបស់លោក ទិត្យ ពៅ ឯណោះ ទេ ដែលដឹករាល់ថ្ងៃ និងជាអ្នកបង្កផល ប៉ះពាល់ដល់ពលរដ្ឋ ។
រីឯម្ចាស់អាជីវកម្មឈ្មោះ ទិត្យ ពៅ វិញមិនបាននិយាយអ្វីបញ្ជាក់ឲ្យបានច្បាស់លាស់ពីច្បាប់អាជីវកម្មនោះទេ ពោលគឺគេចវេះអ្នកសារព័ត៌មានមិនឲ្យឃើញពីអាជ្ញាប័ណ្ណខ្លួនឡើយ តែលោកថា រត់ការដល់ខេត្ត រួចហើយ ។ តែចំពោះមេការការដ្ឋានដី លោក ទិត្យ ពៅ សុំមិនបញ្ចេញ ឈ្មោះ និយាយថា ខ្លួនរត់ការដល់ស្រុកអស់ ១.៥០០ដុល្លារ ហើយខេត្តចុះមកពិនិត្យ មើលឲ្យខ្លួនរត់ការដល់ខេត្តទៀត អ៊ីចឹង បង់លុយអស់២.៥០០ដុល្លារ ថែមទៀត ។
បើតាមបញ្ជាក់របស់លោក ហេង ចាន់ ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាម ពល ធ្លាប់បានលើកឡើងថា គ្រប់អាជីវកម្មក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវតែគោរពតាមសារាចរណែនាំរបស់ក្រសួង បើមិនគោរពទេក្រសួងនឹងចាត់វិធានការក្ដៅជាបន្ទាន់ ។
គួររម្លឹកថា កន្លងទៅថ្មីៗនេះ ក្រសួងរ៉ែ និងថាមពល ក្រោមការដឹកនាំរបស់លោក ហេង ចាន់ធួន អនុរដ្ឋលេខា បានចុះបិទ និង ផ្អាក ព្រមទាំងព្រមានការដ្ឋានបូមខ្សាច់ ជីកដីមួយចំនួននៅស្រុកកណ្ដាលស្ទឹង ដោយសារក្រុមការដ្ឋានទាំងនោះ មិនបាន គោរពតាមបទបញ្ជារបស់ក្រសួង ។
គួររម្លឹកផងដែរថា ម្ចាស់អាជីវកម្មឈ្មោះ ប៊ុន ពៅ មិនទាន់មានអាជ្ញាប័ណ្ណនៅឡើយ ទេ ព្រោះខាងស្ត្រីជាភរិយាបាននិយាយថា រត់ការដល់ខេត្តរួចហើយ តែរឿងអាជ្ញា ប័ណ្ណ ខ្លួនអត់ដឹងទេ ព្រោះលោក ស្នា ជា អ្នករត់ការ ។ ចំណែកឯម្ចាស់អាជីវកម្ម ឈ្មោះ ទិត្យ ពៅ វិញ អះអាងថា ខ្លួនរត់ការ ដល់ខេត្តរួចហើយ តែបានគេចវេះមិន បង្ហាញអាជ្ញាប័ណ្ណនោះឡើយ ៕ នរិន្ទ្រ