ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តី៤រូបដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅស្រុកកោះញែក

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគីរី និង ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធបានអញ្ជើញធ្វើដំណើររួមគ្នាចុះពិនិត្យស្ថានភាពរស់នៅ របស់បងប្អូនជនជាតិភាគតិច ់នៅក្នុងភូមិ ក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្ត មណ្ឌលគិរី ។

បច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះមានចំនួន១១០គ្រួសារស្មើនឹង៤៨៩នាក់។ ដោយចំនួនប្រជាពលរដ្ឋមានការកើនឡើង និងមានការបាក់ច្រាំងអូរច្បារនៅក្នុងភូមិជារៀងរាល់ឆ្នាំ ទើបប្រជា ពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលជួយពិនិត្យដោះស្រាយ និងផ្តល់ នូវទីតាំងដីភូមិក្លងឡែចាស់ចំនួន២៧៧ហិកតា ដោយក្នុង១គ្រួសារចំនួន៥ហិកតា ហើយផ្ទៃដី១២ហិកតាទុកសម្រាប់កសាង មន្ទីរពេទ្យសាលារៀន វត្តអារាម និងទីតាំង កប់សព ។

ដោយមានការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានដឹកនាំគណៈប្រតិភូអន្តរ ក្រសួងចុះពិនិត្យ និងដោះស្រាយនូវបញ្ហាកង្វល់របស់ប្រជាពលរដ្ឋជនជាតិភាគតិច។

ឆ្លើយតបទៅនឹងការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានមានប្រសាសន៏ថា លោកនឹងរៀបចំ ពិនិត្យមើលនូវសំណើនេះឲ្យបានល្អិតល្អន់ ហើយប្រមូលយកឯកសារពាក់ព័ន្ធទាំងអស់ដើម្បីពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តមណ្ឌលគិរីដើម្បីឈានទៅដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ឲ្យបានស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងបញ្ចៀសនូវផល ប៉ះពាល់ផ្សេងៗផងដែរ ។

យោងតាមមន្រ្តីអមដំណើរបានឲ្យដឹងថាដំណើររបស់រដ្ឋមន្រ្តីទាំង ៤រូបទៅកាន់ស្រុកកោះញែកនេះបានធើ្វទ្បើងបន្ទាប់ពីមានជនជាតិដើមភាគតិចចំនួន៥៣គ្រួសារបានសំណូមពរទៅរស់នៅលើដីភូមិក្លងឡែចាស់ ជាភូមិដែលពួកគេបានរស់នៅ មុនសម័យប៉ុលពត ។

បើតាមរបាយការណ៍របស់លោក មើល សឿន អភិបាលស្រុកកោះញែក បានឲ្យដឹងថា ភូមិក្លងឡែចាស់ ជាភូមិដែលជនជាតិដើមភាគតិច បានរស់នៅមុនសម័យរបបប៉ុល ពត ជាដីមានជីជាតិ មានទឹកគ្រប់ គ្រាន់សម្រាប់ប្រកបរបរធ្វើស្រែចម្ការ ។ លុះ ដល់របបប៉ុល ពត ប្រជាពលរដ្ឋក្នុងភូមិត្រូវបានជម្លៀសចេញ និងយកទៅរស់នៅប្រមូល ផ្តុំ នៅតាមមាត់អូរច្បារ ហើយក៏បន្តរស់នៅរហូតមកដល់បច្ចុប្បន្នតែម្តង ។

ក្នុងជំនួបដោយផ្ទាល់ជាមួយរដ្ឋមន្រ្តីទាំង ៤រូប ក្រុមប្រជាពលរដ្ឋ ក៏បានស្នើសុំឲ្យរដ្ឋមន្រ្តីទាំង ៤រូប ជួយគាំទ្របង្កើតសហគមន៍ជនជាតិដើមភាគតិចនិងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន៤ភូមិ គឺភូមិអញ្ជ័រ ភូមិជីក្លប ភូមិស្រែធំស្ថិតក្នុងឃុំសុខសាន្ត និងភូមិអន្ត្រេះ ស្ថិតក្នុងអបួនលើ។ ប្រជាពលរដ្ឋជនជាតិដើមភាគតិចក៏បានស្នើសុំរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជួយស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងឃុំស្រែសង្គម ដែលជាទីប្រជុំជនស្រុកកោះញែក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ពួកគាត់ ។

ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិច បានបង្ហាញក្តីត្រេកអរ និងរីករាយផងដែរ បន្ទាប់ពីឃើញការយកចិត្តទុកដាក់ របស់មន្រ្តីរាជរដ្ឋាភិបាល ទៅលើបញ្ហារស់នៅ របស់ពួកគាត់និងបានធ្វើដំណើរចុះមក ដោយផ្ទាល់បែបនេះ ។

សូមបញ្ជាក់ថា ស្រុកកោះញែកជាស្រុក ដាច់ស្រយាលមួយ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ។ ស្រុកនេះមានផ្ទៃដីសរុប ៥២៨.២០៧ហិកតាមានផ្ទៃដីដាំដុះចំនួន ២០.៧១១ហិកតា មានប្រជាពលរដ្ឋរស់ នៅសរុប២០.៤៦៧នាក់។ ស្រុកកោះ ញែកមានជនជាតិសរុប៩ជនជាតិ រួម មាន៖ ជនជាតិខ្មែរ ព្នង ចាម គ្រឹង ទំពូន ក្រោល ចិន ឡាវ និងវៀតណាម ។

ស្រុកកោះញែក មានព្រំប្រទល់ខាងលិចជាប់ស្រុកសំបូរ ខេត្តក្រចេះ ខាងកើតជាប់ស្រុក បនដន-អ៊ែរស៊ុប ខេត្តដាឡាក់ ប្រទេសវៀតណាម ខាងជើងជាប់ស្រុកលំផាត់ និងស្រុកបកែវ ខេត្តរតនគិរី ខាងត្បូងជាប់ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕ ហេង នរិន្ទ្រ

 

abc


ចែករំលែក៖