ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវថៃលេងល្បែងឈ្នះ១លាន៤សែនបាត ត្រូវបានថៅកែ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនយកលុយវិញ

ចែករំលែក៖

 
ខេត្តប៉ៃលិន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីភ្ញៀវថៃ និងខ្មែរចំនួន៥នាក់ ត្រូវបានសន្តិសុខកាស៊ីណូម្កុដពេជ្រ និង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួន ខណៈពួកគេបានលេងល្បែងកាស៊ីណូឈ្នះរហូតដល់១លាន ៤សែនបាត (ប្រាក់ថៃ) ដោយពួកគេទាំងនោះរងការចោទប្រកាន់ថា បានប្រើល្បិចខូច ដោយឃុបឃិតជាមួយបុគ្គលិកកាស៊ីណូមួយចំនួន ដែលធ្វើការនៅក្នុងនោះ ប្តូរម៉ាស៊ីនចែកសន្លឹកបៀរ ហើយផ្តល់ព័ត៌មានសម្ងាត់ឱ្យទៅថៅកែថៃ ដែលចូលលេងល្បែងនោះ ។

ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងកាស៊ីណូម្កុដពេជ្រ ក្បែរច្រកអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ភ្ញៀវដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង៥នាក់ ទី១. ឈ្មោះ បញ្ញា ភេទស្រី អាយុ ប្រហែល២៥ឆ្នាំ រស់ខេត្តបាត់ដំបង ទី២. ឈ្មោះ ដាលីន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ ចំណែកភ្ញៀវប្រុសៗ ជនជាតិថៃ២នាក់ និងភ្ញៀវខ្មែរម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះមិនអនុញ្ញាតឱ្យសួរនាំ ។

ប្រភពព័ត៌មានបន្តទៀតថា ភ្ញៀវថែបានដឹកនារីវ័យក្មេងខាងលើ ទាំងពីរនាក់ មកក្នុង ខេត្តប៉ៃលិន អស់រយៈពេល៣ថ្ងៃមកហើយ ដោយនៅយប់ថ្ងៃកើតហេតុ វេលាម៉ោង១១និង ៣០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ថៅកែថៃ (ភ្ញៀវ) បានឱ្យនារីវ័យក្មេងនោះចូលទៅជួយកត់សន្លឹកបៀរនៅក្នុងកាស៊ីណូនោះដែរ ដោយលេងមុនដំបូងចាញ់អស់លុយជាច្រើន លុះរហូតដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលដល់ថ្ងៃទី២៩ ខែធ្នូ ទើបលេងឈ្នះរហូតដល់ចំនួន១ លាន៤សែនបាត ក៏មានការសង្ស័យថា ប្រើល្បិច ទើបប្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំងអស់តែម្តង ។

បើតាមនារីវ័យក្មេងម្នាក់ ឈ្មោះ បញ្ញា បានឱ្យដឹងថា រូបនាងរស់នៅខេត្តបាត់ដំបង ដោយថៅកែជនជាតិថៃ បានហៅឱ្យជិះរថយន្តចេញពីខេត្តបន្ទាយមានជ័យ ចូលមកលេងល្បែងក្នុងកាស៊ីណូនៅក្នុងខេត្តប៉ៃលិន ដោយស្នាក់នៅក្នុងសណ្ឋាគារក្បែរនោះអស់រយៈពេល៣យប់មកហើយ លុះនៅយប់កើតហេតុ ថៅកែនោះ ក៏បានលេងតាំងពីយប់ជ្រៅ រហូតដល់ជិតភ្លឺ ទើបឈ្នះបានប្រាក់ជាច្រើន ក៏បានដកឱ្យនាងម្នាក់ៗ ចំនួន៣ម៉ឺនបាត (ប្រាក់ថៃ) ខណៈរៀបនឹងចេញពីកាស៊ីណូ ស្រាប់តែសន្តិសុខ និង សមត្ថកិច្ចកងរាជអាវុធហត្ថចាប់ឃាត់ខ្លួននាំយកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសួរនាំពាក់ព័ន្ធនឹងបញ្ហានេះ ចំណែករូបនាង ពិតជាមិនបានដឹងរឿងអ្វីនោះឡើយ ដោយគ្រាន់តែចូលលេងជាមួយ ថៅកែប៉ុណ្ណោះ ។

ចំណែកសមត្ថកិច្ចកងរាជអាវុធហត្ថមួយចំនួន បានបង្ហើបឱ្យដឹងថា ពួកគេទាំងនោះពិតជាលេងល្បិចមែន ដោយឃុបឃិតជាមួយបុគ្គលិកមួយចំនួន រួចប្តូរម៉ាស៊ីនចែកបៀរ ទើបលេងឈ្នះបែបនេះ ហើយប្រមូលភស្តុតាងបានប្រហែល៨០ភាគរយ ព្រោះនារីទាំងពីរនាក់នោះ ក៏បានឆើ្លយសារភាពអស់ខ្លះដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ភ្ញាក់ងារយើងបានទាក់ទងទៅលោក វ៉ាន់ ណាឡុង មេប ញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិនបានឱ្យដឹងថា ខាងលោកគ្រាន់តែទទួលបញ្ជាពីថ្នាក់ លើឱ្យចាត់ការរឿងនេះប៉ុណ្ណោះ បើចង់ដឹងច្បាស់សូមទាក់ទងទៅខាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនខ្លួនឯងចុះ ខាងលោកមិនហ៊ាននោះឡើយ៕ ស សារ៉េត

6 1 2 3 4 5


ចែករំលែក៖