ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសវ័យជំទង់ជាសិស្ស៣នាក់លង់ទឹកទន្លេស្លាប់នៅឆ្នេរខ្សាច់កោះទ្រង់ ទល់មុខទីប្រជុំជនខេត្តក្រចេះ

ចែករំលែក៖

 

ខេត្តក្រចេះ៖ សាកសពក្មេងប្រុសវ័យជំទង់ជាសិស្សសាលា៣នាក់ ដែលបានបាត់ខ្លួននៅក្នុងទឹកទន្លេឆ្នេរខ្សាច់កោះទ្រុង ទល់មុខទីរួមខេត្តក្រចេះ អស់រយៈពេល១យប់១ថ្ងៃត្រូវបាននគរបាលនិងសាច់ញាតិចុះមុជរាវរកឃើញ និងស្រងចេញពីទឹកទន្លេជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី៣០ខែធ្នូ ក្រោយកើតហេតុមួយថ្ងៃ ។

ការលង់ទឹកទន្លេស្លាប់របស់យុវជនរងគ្រោះ ជាសិស្សសាលាទាំងបីនាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងនគរបាលកាលពីព្រលប់ ថ្ងៃទី២៩ ធ្នូ ក្រោយពីពួកគេទាំងបីនាក់ និងមិត្តភក្កិមួយចំនួនទៀត បាននាំគ្នា ជិះទូកដឆ្លងទៅលេងទឹកនៅឆ្នេរខ្សាច់កោះទ្រង់ ក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ តែមិនបានឃើញត្រឡប់មកវិញ។

យុវជនរងគ្រោះជាសិស្ស ទាំងបីនាក់ជាមិត្តភក្កិនិងគ្នាមានម្នាក់ឈ្មោះ គង់ វាសានា អាយុ១៥ឆ្នាំ ទឈ្មោះ ផុន សុធារាជ អាយុ១៤ឆ្នាំ ជនរងគ្រោះទាំងពីររស់នៅសង្កាត់ អូរឬស្សី ក្រុងក្រចេះ និងទី៣.ឈ្មោះ វុធ លីហេង អាយុ១៥ឆ្នាំ មានទីលំនៅ សង្កាត់ក្រចេះ ក្រុងក្រចេះ។

ប្រភពបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ យុវជនរង គ្រោះនិងគ្នីគ្នាជាច្រើននាក់បាននាំគ្នាឆ្លងទូកទៅងូតទឹកលេងនៅលើឆ្នេរខ្សាច់ កោះទ្រង់ ។ រហូតទល់ប្រលប់ថ្ងៃដដែល គេមិនបានឃើញយុវជនទាំងបីនាក់ ត្រលប់មកយកម៉ូតូវិញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល។

បើតាមការរៀបរាប់ពីស្ត្រីជាម្តាយ ក្មេងប្រុសរងគ្រោះម្នាក់បាននិយាយថា នៅវេលាម៉ោង៣រសៀលថ្ងៃទី២៩ខែធ្នូ ជាថ្ងៃកើតហេតុ គាត់បានតេទួរស័ព្ទដៃចូលមកកូនប្រុសរបស់គាត់ ជាច្រើនដង តែគ្មានអ្នកលើកទទួល ហើយគាត់ក៏ឈប់តេដោយនឹកស្មានកូនគាត់នៅសាលា ។ រហូតដល់ប្រលប់ថ្ងៃដដែរ ដោយមិនឃើញកូនគាត់ត្រឡប់មកផ្ទះ រូបគាត់បានតេទួរស័ព្ទទៅម្តងទៀត តែគ្មានអ្នកលើកទទួល ទើបគាត់រួមនិងក្រុមគ្រួសារ នាំគ្នាដើររកក៏ប្រទះឃើញម៉ូតូចតចូលនៅកំពង់ផែក៏បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។

អធិការនគរបាលក្រុងក្រចេះលោកវរសេនីយ៍ទោនេត លីន បានឲ្យដឹងថា បន្ទាប់ពីមានការភ្ញាក់ផ្អើល ពីការបាត់ក្មេងប្រុសវ័យជំទង់ទាំងបីនាក់នេះ នគរបាលនិងសាច់ញាតិបានដើររក និងក៏បានប្រទះឃើញកាបូបស្ពាយដាក់សៀវភៅ និងសម្លៀកបំពាក់របស់ពួកគេទាំងបីនាក់ នៅចោលនិងឆ្នេរខ្សាច់ទើបនគរបាលកំណត់ថា ពួកគេទាំងបីពិតជាជួបហេតុការណ៍លង់ទឹកទន្លេ។

លោកបន្តថា ខណៈគឺមានសមត្ថកិច្ចជំនាញចុះរាវរកក្មេងទាំងនោះចាប់ពីម៉ោង៩យប់ថ្ងៃទី២៩ធ្នូរហូតទល់ម៉ោង១២អធ្រាត្រនិងចាប់ផ្ដើមស្វែងរកបន្តទៀតចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៣០ខែធ្នូសកម្មភាពរុករកនេះក៏មានព្រះសង្ឃចូលរួមដែរដោយបានធ្វើពិធីបែបព្រះពុទ្ធសាសនាផង។ លោកថា រហូតដល់រសៀលថ្ងៃទី៣០នេះ សាកសពក្មេងប្រុសទាំង៣នាក់ទើបត្រូវបានរកឃើញ និងស្រង់ចេញពីទឹកបានជាបន្តបន្ទាប់នៅក្បែរ និងកន្លែងកើតហេតុ ។

ពាក់ព័ន្ឋនិងហេតុការណ៍យុវជនវ័យជំទង់លង់ទឹកស្លាប់ទាំងបីនាក់យ៉ាង រន្ឋត់នេះ លោក រុន ភារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ទីតាំង ទេសចរណ៍សហគមន៍កោះទ្រង់ គឺអាជ្ញាធរមិនទាន់បានកំណត់ឲ្យទៅលេងនៅឡើយទេ។ ហើយតំបន់ដែលពួកគេទៅងូតទឹកលេងនិងបានជួបហេតុ ការណ៍លង់ស្លាប់នោះគឺមិននៅក្នុងដែនកំណត់របស់សហគមន៍នោះទេ។

ជាមួយនិងឧប្បត្តិហេតុយ៉ាងរន្ឋត់នេះ ពលរដ្ឋបានធ្វើការចោទប្រកាន់ ទៅលើការធ្វើអាជីវកម្មបូមខ្សាច់ទ្រង់ទ្រាយធំមួយក្នុងខេត្ត ដែលកំពុងតែបោះទីតាំងធ្វើអាជីវកម្មបូមយ៉ាងសកម្មជារៀងរាល់ថ្ងៃ។ ការចោទប្រកាន់នេះធ្វើឡើង ស្របជាមួយនិងការលង់ទឹកស្លាប់របស់ក្មេងប្រុសជំទង់ទាំងបីនាក់នេះ គឺកើត ឡើងនៅក្បែរនិងសាឡង់បូមខ្សាច់របស់ក្រុមឈ្មួញ៕ កោះទ្រុង

img_3019 img_3004 img_3013 img_3018

3 1 2


ចែករំលែក៖